Connect with us

តារាជាតិ

មកដឹងពីជីវប្រវត្តិខ្លះៗរបស់កញ្ញា ខេមរៈ ស្រីពៅ

សិល្បៈ៖ ក្រោយពីកញ្ញា ខេមរៈ ស្រីពៅ បានចែកឋានទៅក្នុងក្រុមគ្រួសារ មិត្តរួមសិល្បៈ និងបណ្តាអ្នកគាំទ្រជាច្រើនមានការសោកស្តាយ និងអាឡោះអល័យរូបនាងជាខ្លាំង ដែលត្រូវបាត់បង់តារាចម្រៀងស្រីម្នាក់ ដែលមានទឹកដមសំឡេងដ៏ក្រអួតក្រអៅ ។

បើនិយាយពីជីវប្រវត្តិត្រួតៗរបស់កញ្ញា ខេមរៈ ស្រីពៅ នាងកើតនៅឆ្នាំ១៩៩០ ក្នុងត្រកូលកសិករមានឪពុកឈ្មោះ ភុត ស៊ីផុន ម្តាយឈ្មោះ សំ រៀប រស់នៅភូមិតាម៉ូត ភូមិទរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាងមានបងប្អូន៦នាក់ ស្រី៣នាក់ និងប្រុស៣នាក់ ហើយនាងគឺជាកូនពៅ ។ នាងជាកូនល្អម្នាក់ក្នុងគ្រួសារ ចេះគោរពឪពុកម្តាយបងប្រុសបងស្រី ហើយតែងតែធ្វើឲ្យឪពុកម្តាយសប្បាយចិត្តគ្រប់ពេលវេលា មិនដែលផ្តល់ផលលំបាកដល់ក្រុមគ្រួសារឡើយ នាងបានចូលសិក្សាពេលមានអាយុ០៦ឆ្នាំ នាងគឺជាសិស្សល្អ និងពូកែម្នាក់ តែងតែធ្វើឲ្យលោកគ្រូអ្នកគ្រូមានការពេញចិត្ត ហើយនាងមានទេពកោសល្យសិល្បៈតាំងពីក្មេង នាងតែងតែនិយាយនិងច្រៀងមានកាយវិការ ធ្វើឲ្យមិត្តរួមថ្នាក់និងលោកគ្រូអ្នកគ្រូបានសប្បាយរីករាយ ។

ខេមរៈ ស្រីពៅ បានចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈបងប្រុសបង្កើតរបស់នាងគឺលោក ខេមរៈ សិរីមន្ត និងលោកខេមរៈ ភារុណ នៅឆ្នាំ២០០៧ ហើយនាងក៏ទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេងពីមហាជននៅក្នុងប្រទេស និងក្រៅប្រទេស នាងក៏ជាតារាចម្រៀងល្បីម្នាក់ដែលមានទឹកចិត្តសប្បុរសតែងតែជួយដល់ចាស់ជរា កុមារកំព្រានៅក្នុងស្រុកភូមិនាងផងដែរ ។

គួរបញ្ជាក់ផងដែរថាចម្រៀងដែលនាងទទួលបានការគាំទ្រខ្លាំងពីបណ្តាមហាជនក្នុងនោះមានបទចម្រៀងជាច្រើន រួមមានដូចជាបទ “អូនមិនស្អប់បងទេ” “សុខៗប្រាប់អូនថាបែក” “ព្រានបេះដូង” “គ្មានបងរស់មិនបាន”និងបទជាច្រើនទៀត៕

សហការី KBN

Advertisement