យោងតាមសារព័ត៌មានរបស់ចិន ឈ្មោះ South China Morning Post បានចុះផ្សាយសម្តីរបស់អ្នកឯកទេសយោធាចិន ថា ទីក្រុងប៉េកាំង មានគំរោងបង្កើតកងពលនាវាផ្ទុកយន្តហោះ យ៉ាងតិច៦ក្រុម នៅក្នុងឆ្នាំ២០៣៥ ហើយក្នុងចំណោមនាវាផ្ទុកយន្តហោះទាំង៦គ្រឿងនោះ មាន៤គ្រឿងដើរដោយថាមពលបរម៉ាណូ និងម៉ាស៊ីនបាញ់អគ្គិសនី ដូចនាវាផ្ទុកយន្តហោះរបស់អាមេរិកដែរ ។
យោងតាមការបង្ហាញឲ្យដឹងពីព័ត៌មានខាងលើ អាមេរិកមាននាវាផ្ទុកយន្តហោះ១១គ្រឿង កំពុងដំណើរការនៅក្នុងជួរកម្លាំងទាហានជើងទឹក ហើយថ្មីៗនេះ អាមេរិកបានសម្រេចផលិតនាវាផ្ទុកយន្តហោះបន្ថែម២គ្រឿងទៀត ដែលមានតម្លៃជាង២៤ពាន់លានដុល្លារ ។
ទោះជាយ៉ាងណា អ្នកវិភាគបានធ្វើការសន្និដ្ឋានថា ការខំប្រឹងប្រែងបន្ថែមកម្លាំង និងសព្វាវុធជើងទឹករបស់ចិន គឺដើម្បីប្រជែងការគ្រប់គ្រងដែនមហាសមុទ្រដ៏ធំធេង ដែលជាតំបន់ក្តៅរវាងចិន និងអាមេរិក ។
ទោះជាយ៉ាងណា អ្នកវិភាគឯកទេសបានលើកឡើងថា ចិនអាចនឹងបណ្តេញអាមេរិកចេញពីតំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិច ក្នុងនោះមានសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ផងដែរ បើទោះបីជាចិន មិនអាចប្រៀបផ្ទឹមជាមួយអាមេរិក ដែលជាស្តេចនៃដែនសមុទ្រក៏ដោយ ប៉ុន្តែចិនអាចគ្រប់គ្រងការពារផលប្រយោជន៍របស់ប្រទេសខ្លួន នៅលើដែនសមុទ្រទាំងនេះបានយ៉ាងមានប្រសិទ្ធភាព ។
គម្រោងបង្កើនកងពលនាវាផ្ទុកយន្តហោះរបស់ចិន អាចនឹងបង្កើនហានិភ័យនៃជម្លោះដែនសមុទ្ររវាងអាមេរិកនិងចិន ហើយសារព័ត៌មានដ៏ធំរបស់ចិន បានផ្សាយកាលពីពេលថ្មីៗនេះថា អ្នកជំនាញយោធាចិន ប្តេជ្ញាថា ទីក្រុងប៉េកាំងចង់ដាក់ពង្រាយក្រុមចម្បាំងយន្តហោះ ឲ្យបានចំនួន៦ក្រុម លើដែនសមុទ្រនៅត្រឹមឆ្នាំ ២០៣៥ ។
ប្រធានាធិបតីចិន លោកស៊ី ជីងពីង បានស្នើឲ្យមានការប្រឹងប្រែងយកចិត្តទុកដាក់លើការកសាងសមត្ថភាពកងទ័ពកងទ័ពជើងទឹកចិនឲ្យខ្លាំងដល់កម្រិតពិភពលោក និងអាចធានាបាននូវការកសាងឥទ្ធិពលរបស់ចិននៅបរទេសបាន។