Connect with us

តារាជាតិ

លោក យ៉ែម សំអូន ពោលបែបណា ក្រោយដឹងថាមិត្តរួមអាជីពកំពុងត្រាំត្រែងជាមួយជំងឺមហារីកដំណាក់កាលចុងក្រោយ?

ភ្នំពេញ ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងរន្ធត់ចិត្តបំផុតខណៈដែល តារាចម្រៀងស្រីដែលចេះចៀងទាំងភាសាខ្មែរ ចិន និងអង់គ្លេស អ្នកនាង ស៊ិន ឧត្តមផល្លា បានចេញមុខមកបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ពេលនេះខ្លួននាងកំពុងតែរស់នៅជាមួយនឹងជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលមិនមាននរណាម្នាក់បានដឹងពីរឿងមួយនេះឡើយ ទើបតែពេលថ្មីៗនេះនាងដាច់ចិត្តបង្ហោះសារនោះធ្វើឲ្យមិត្តភក្តិ រួមទាំងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងដំណឹងមួយនេះ។

ក្រោយពេលដែលថាតារាស្រីរូបនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃជំងឺមហារីកបែបនេះលោក យ៉ែម សំអូន ដែលជាមិត្តរួមអាជីពបានបង្ហាញក្ដីបារម្ភ និងលើកទឹកចិត្តឲ្យអ្នកនាង ស៊ិន ឧត្តមផល្លា ត្រូវតែតស៊ូ និងរឹងមាំជាមួយនឹងជំងឺនេះ ដោយលោកបានសរសេររៀបរាប់ថា «ស៊ូៗណាប្អូន Sin Oudom Phalla  ពួកយើងទាំងអស់គ្នាកំពុងតែជួយប្អូនហើយ ប្អូនត្រូវតែមានកម្លាំងចិត្តតស៊ូឱ្យបានណាប្អូន
ចង់ប្រាប់អូនថាថាពួកយើង ពិតជាបារម្ភពីអូននិងស្រឡាញ់អូនខ្លាំងណាស់។ ស៊ូៗណាប្អូនសម្លាញ់!»។

គួរជម្រាបផងដែរថា អ្នកនាង ស៊ិន ឧត្តមផល្លា បានព្យាយាមលាក់បាំងការពិតចំពោះរឿងមួយនេះជាយូរមកហើយ ដោយទើបតែពេលថ្មីៗនេះនាងបានសម្រេចចិត្តច្បាស់លាស់មួយថាត្រូវតែហ៊ានបង្ហាញការពិតមួយនេះឲ្យគ្រប់គ្នាបានដឹង និងបំបាត់ចម្ងល់ពីមហាជនដែលខានឃើញនាងលេចមុខក្នុងវិស័យសិល្បៈ៕

Advertisement