Connect with us

ព័ត៌មានជាតិ

តើវាជាការពិតទេ ការផ្លាស់ប្តូរវប្បធម៌រៀបអាពាហ៍ពិពាហ៍ អាចជួយកាត់បន្ថយភាពក្រីក្រ?

ភ្នំពេញ ៖ នៅក្នុងបរិបទដែលស្ថានភាពនៃជំងឺកូវីដ-១៩កំពុងតែរីករាលដាលនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យដំណើរការផ្សេងៗត្រូវបានអាក់ខានជាបន្តបន្ទាប់​ជាពិសេសក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ រួមទាំងតាមបណ្តាខេត្ត ភូមិ ស្រុកមួយចំនួនជាដើម ក្នុងនោះធ្វើឲ្យជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋចាប់ផ្តើមជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុជាបន្តបន្ទាប់។

អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមនោះ ក្រោយពេលការលុករបស់ជំងឺកូវីដ-១៩កាន់តែខ្លាំងក្លា ធ្វើឲ្យមានបម្រែបម្រួលជាច្រើនបានកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង ដែលមានដូចជាការអាក់ខានប្រារព្ធពិធីបុណ្យសាសនា ការជួបជុំគ្នានារដូវកាលបុណ្យទាន ក៏ដូចជាការអាក់ខានរៀបចំពិធីរៀបមង្គលការជាដើម។

យ៉ាងណាមិញពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋខ្មែរដែលធ្លាប់តែប្រារព្ធឡើងយ៉ាងធំដុំ មានភ្ញៀវចូលរួមកុះករ មានភ្លេងកំដរ មានតន្រ្តីបុរាណ និងសម័យប្រគុំអបអរសាទរ ប្រែក្លាយមករៀបចំត្រឹមតែការជួបជុំបងប្អូនសាច់ញាតិតិចតួច និងមិនមានភ្ញៀវចូលរួមច្រើនដូចសព្វដងនោះឡើយ ដោយមានត្រឹមតែចាស់ទុំ រួមនឹងកូនកម្លោះ កូនក្រមុំ ឪពុកម្តាយទាំងសងខាងតែប៉ុណ្ណោះ។

លោក អ៊ូ វីរៈ ដែលជាប្រធានអង្គការវេទិកាអនាគត បានធ្វើការបង្ហោះសារយ៉ាងខ្លីមួយយ៉ាងដូច្នេះទាក់ទិននឹងការរៀបអាពាហ៍ពិពាហ៍ថា «រឿងមួយដែលងាយស្រួលបំផុតសម្រាប់កាត់បន្ថយភាពក្រីក្រ គឺផ្លាស់ប្ដូរវប្បធម៌រៀបអាពាហ៍ពិពាហ៍» ខណៈក្រោយពេលដែលលោកបង្ហោះសារនោះរួចក៏មានបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាចូលទៅបញ្ចេញមតិគាំទ្រផ្សេងៗគ្នាផងដែរ ដោយអ្នកខ្លះគិតថាពិតជាត្រឹមត្រូវ ព្រោះការធ្វើបែបនោះអាចចំណេញថវិកាសម្រាប់ដោះស្រាយបញ្ហាទៅថ្ងៃអនាគត និងអាចកាត់បន្ថយហានិភ័យពីភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយភាគធំផងដែរ៕

Advertisement