ព្រះសីហនុ ៖ បើគិតមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ គឺមានរយៈពេល៦ថ្ងៃហើយ ដែលសមត្ថកិច្ចមួយក្រុមបានចុះធ្វើការស្រាវជ្រាវ ក្នុងសំណុំរឿងសង្ស័យអំពើឃាតកម្មវាយសម្លាប់បុរសម្នាក់យ៉ាងសាហាវឃោរឃៅ រួចយកសពទៅបោះចោល នៅក្បាលស្ពានទឹកសាប ក្នុងគោលបំណងបំបិទដាន ។
ជាលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសម្រេច នាំខ្លួនមនុស្សចំនួន៦នាក់ដែលសង្ស័យពាក់ព័ន្ធផ្ទាល់ និងអ្នករួមគំនិត ក្នុងនោះមានស្ត្រីម្នាក់ជាម្ចាស់ផ្ទះ, មេប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំរាមម្នាក់ និងប្រជាការពារភូមិផងដែរ ដើម្បីនាំខ្លួនមកធ្វើការសាកសួរ ។

ជុំវិញករណីខាងលើនេះ បើតាមប្រភពព័ត៌មានក្រៅផ្លូវការណ៍ពីសំណាក់ប្រជាពលរដ្ឋមួយចំនួនរស់នៅក្បែរគល់ស្ពានទឹកសាប ដែលដឹងពីសាវតារខ្លះៗ បានប្រាប់ឲ្យដឹងថា ការឈានដល់ការចាប់ខ្លួនមនុស្សច្រើននាក់នេះ ដើមហេតុថាផ្ដើមចេញពីជម្លោះរវាងជនរងគ្រោះ និងម្ចាស់ផ្ទះលក់ឈើមួយកន្លែងនៅទឹកសាប ដោយប្រើហិង្សាទៅវិញទៅមក រហូតដល់ជនរងគ្រោះស្លាប់ ។ ក្រោយវាយជនរងគ្រោះស្លាប់ ក្រុមជនល្មើស ក៏បានធ្វើសេចក្ដីរាយការណ៍ទៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលលឃុំរាម ដើម្បីជួយមានវិធានការនាំយកជនរងគ្រោះចេញពីកន្លែងកើតហេតុ ប៉ុន្តែសម្រាប់លោកមេប៉ុស្តិ៍ឃុំរាម មិនដឹងថា យល់ឃើញយ៉ាងម៉េចទេ មិនត្រឹមមិនរាយការណ៍ ប្រាប់ថ្នាក់លើរបស់ខ្លួនឲ្យបានជ្រាបនោះទេ តែបែរជាអោយក្រុមប្រជាការពារដឹកសាកសពទៅបោះចោលនៅជិតស្ពានអូរកំបុត ក្នុងអូរឧកញ៉ាហេង ទាំងយប់តែម្ដង ។
រឿងហេតុនេះ កើតឡើងកាលពីយប់ថ្ងៃទី៣០ ឧសភា ២០១៩ លុះព្រឹកឡើងថ្ងៃទី៣១ ឧសភា ទើបគេប្រទះឃើញសាកសព ហើយសមត្ថកិច្ចចាប់ផ្តើមស្រាវជ្រាវរហូតដល់មានការនាំខ្លួនមនុស្សមួយចំនួន ដូចរៀបរាប់ខាងលើ ។
អ្វីៗស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ ពោលគឺគ្មានប្រភពណាមួយបញ្ជាក់លម្អិតពីសំណុំរឿងនេះបានទេ ចំណែកអាជ្ញាធរដែនដីឃុំរាម ក៏មិនហ៊ាននិយាយ ដោយគ្រាន់តែប្រាប់ថា រឿងនេះ ទុកឲ្យសមត្ថកិច្ចចាត់ការចុះ ។
ទោះជាយ៉ាងណាអ្នកសារព័ត៌មានយើងនៅតែព្យាយាមទាក់ទងសួរនាំ បើតាមប្រភពពីសមត្ថកិច្ចដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថា រឿងនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់ពីរឿងរ៉ាវពិត និងថា មនុស្សចំនួន០៦នាក់ខាងលើ សមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះទេ ហើយក្នុងករណីរកឃើញពិរុទ្ធភាពពិតប្រាកដមែននោះ អ្នកពាក់ព័ន្ធនឹងផ្ដន្ទាទោសតាមច្បាប់មិនលើកលែងឡើយ ។
គិតមកត្រឹមល្ងាចថ្ងៃទី៤ មិថុនា នេះ គេហទំព័រ KBN នៅមិនទាន់ទទួលបានរបាយការណ៍ផ្លូវការណាមួយពីសមត្ថកិច្ចជំនាញទាក់ទងដល់រឿងរ៉ាវឃាតកម្មនេះថា តើពិត ឬមិនពិតយ៉ាងណានោះទេ ៕