Connect with us

ព័ត៌មានជាតិ

លោភលន់ពេកយំលែងចេញ! ចាញ់បោកអស់១៨លានរៀល ព្រោះគេប្រាប់ថា ត្រូវការលុយរត់​ការបើករង្វាន់ធំ

ខេត្ត​ឧត្ដរមានជ័យ៖ នៅ​មុន​នេះ​បន្តិច នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៩ មាន​ភ្នាក់​ងារ​វីង​ម្នាក់​មាន​ឈ្មោះ ពេជ្របូរី ស៊ូហេង ​បាន​ចែក​រំលែក​រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​មួយ នៅ​ពេល​មាន​ប្តី​ប្រពន្ធ​​២​នាក់​ បាន​ចាញ់​បោក​ជន​មិន​ស្គាល់​មុខ អស់​ទឹក​ប្រាក់​ចំនួន​១៨លានរៀល​ ឬ​ស្មើ​នឹង​៤៥០០$ ដោយ​ប្រាប់​ថា​ត្រូវ​រង្វាន់​ធំ​ចំនួន ៣០០០០០០ដុល្លារ​ ហើយ​និង​ត្រាក់ទ័រចំនួន០១គ្រឿង​ថែម​ទៀត។

តាម​រយៈភ្នាក់ងារវីងបានអោយដឹងថា៖ «ក្នុង​នាម​ខ្ញុំ​ជា​ភ្នាក់​ងារ​វីង សូម​ចូល​រួម​សោក​ស្តាយ​ផង ចំពោះ​បង​ប្រុស​និង​បង​ស្រី គាត់​បាន​ចាញ់​បោក​ពួក​បាត​សង្គម នូវ​ទឹក​ប្រាក់​ចំនួន ១៨ ០០០ ០០០ រៀល​(១៨លានរៀល) វា​ប្រាប់​ថា​គាត់​ត្រូវ​រង្វាន់​ ៣ ០០០០០០$ (៣​លាន​ដុល្លារ ​និង​ត្រាក់ទ័រ​មួយ​គ្រឿង។

វា​ជា​រឿង​ដដែលៗ​ មិន​គួរ​កើត ​តែ​នៅ​តែ​អាច​កើត​ទៅ​បាន​ដោយ​សារ​ខ្វះ​ការ​ពិចារណា។ ដូច​នេះ​ខ្ញុំ​សូម​ផ្តាំ​ទៅ​ប្រជាជន​គ្រប់​គ្នា​កុំ​ឲ្យ​មាន​ករណី​នេះ​កើត​ឡើង​ទៀត រឿង​រង្វាន់​មិន​មែន​ត្រូវ​ងាយៗ​ឥត​ហេតុ​ផល​នោះ​ទេ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ជន​រង​គ្រោះ​វេរ​លុយ ​ឲ្យ​ជន​មិន​ស្គាល់​នោះ បាន​ហាម​ថា​មិន​ឲ្យ​ជន​រង​គ្រោះ​ប្រាប់​​ទៅ​អ្នក​ណា​ឲ្យ​ដឹង​នោះ​ទេ សូម្បី​តែ​ភ្ញាក់​ងារ​វីង​ផង​ដែរ។ ក្នុង​ពេល​ត្រូវ​រង្វាន់​នោះ​ ខាង​ជន​មិន​ស្គាល់​មុខ​ជា​ជន​ឆបោក តម្រូវ​ឲ្យ​ជន​រង​គ្រោះ​វេរ​លុយ​ឲ្យ​ខ្លួន​ចំនួន​១៨​លាន​រៀល ​ដើម្បី​រត់​ការ​បើ​ប្រាក់​រង្វាន់ តែ​ពេល​វេរ​លុយ​រួច​ហើយ ​រំលង​បាន​២​ថ្ងៃ ជន​រង​គ្រោះ​ត្រូវ​ខល​ទៅ​លែង​លើក ហើយ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មក​បើក​លុយ​នៅ​វីង​វិញ ទើប​បង្ក​ការ​ភ្ញាក់​ផ្អើល​ដឹង​ថា ​ចាញ់​បោក​គេ​យំ​ស្ទើរ​មិន​ចេញ។

ចំណែក​ភ្នាក់ងារ​​វេរលុយ​​ ក៏​បាន​សួរ​ខ្លះ​ដែរ ​តែ​ត្រូវ​ជន​រងគ្រោះ​ខឹង​ថា កុំ​ឲ្យ​ចង់​ដឹង​រឿង​គាត់ ​ថ្ងៃ​ខ្លះ​ថា​​វេរ​ឲ្យ​បងប្អូន ហើយ​​ថ្ងៃ​ខ្លះ​ថា​វេរ​​ផ្ញើរ​គេ​ទិញ​របស់​ ក៏​មាន​។ ឯ​លុយ​ដែល​២​នាក់​ប្តី​ប្រពន្ធ​វេរ​ឲ្យ​គេ​នោះ គឺ​មិន​មែន​ជា​លុយ​ខ្លួន​ឯង​ទាំង​អស់នោះ​ទេ គឺ​លុយ​មួយ​ចំនួន​បាន​មក​ពី​ការ​ខ្ចី​បង​ប្អូន ហើយ​ខ្លះ​ទៀត​ខ្ចី​ពី​អ្នក​ជិត​ខាង​ទៀត​ផង។ ទី​តាំង​កន្លែង​កើត​ហេតុ​ស្ថិត​នៅ​ឯ​ខេត្ត​ឧត្ដរមានជ័យ។

ជុំ​វិញ​ករណី​នេះ​ មាន​បង​ប្អូន​ខ្មែរ​ធ្លាប់​ចាញ់​បោក​គេ ​អស់​ប្រាក់​រាប់​លាន​ជា​ច្រើននាក់​​មក​ហើយ តែ​មក​ដល់​ពេល​នេះ​នៅ​តែ​មាន​អ្នក​ចាញ់​បោក​គេ​ទៀត ដូច​នេះ​មុន​នឹង​វេរ​លុយ​ឲ្យ​នរណា ​ត្រូវ​ពិភាក្សា​ឲ្យ​បាន​ហ្មត់​​ចត់ បើ​អ្នក​ពិត​ជា​ត្រូវ​រង្វាន់​មែន​អ្នក​ផ្តល់​រង្វាន់​ឲ្យ​អ្នក មិន​ទាម​ទារ​ឲ្យ​អ្នក​វេរ​លុយ​ទៅ​បែប​នេះ​នោះ​ទេ ហើយ​គ្មាន​រង្វាន់​ណា​ត្រូវ​ដោយ​ងាយៗ​ទាំង​ដែល​ខ្លួន​អ្នក​ពុំ​បាន​ធ្វើ​អ្វី​នោះ​ដែរ។ ទោះ​យ៉ាង​ណា​ ​​សូម​អាជ្ញាធរ​​ពាក់ព័ន្ធ​ជួយ​​ស្រាវជ្រាវ​​រក​ជន​បោក​ប្រាស់​មក​ផ្ដន្ទាទោស​ផង ​ទាំង​ដែល​លេខ​ទូរសព្ទ​មាន​ស្រាប់៕

Advertisement