ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានផុងខ្លួនក្នុងរណ្តៅគ្រឿងញៀនរហូតដកខ្លួនថយមិនរួច លុះពេលប្រើប្រាស់លើសកម្រិត(បែកថ្នាំ) ស្រាប់តែយកដែកកេះដុតផ្ទះឪពុករបស់ខ្លួនឯង ឆេះអស់គ្មានសល់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ។
សមត្ថកិច្ច បានឲ្យដឹងថា ជនបែកថ្នាំដុតផ្ទះឪពុកឆេះអស់ខាននៅ មានឈ្មោះយ៉េន សារ៉ូ អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ ចំណែកបុរសជាឪពុកឈ្មោះងួន យ៉េន អាយុ៥៤ឆ្នាំ ។ ផ្ទះដែលត្រូវអគ្គិភ័យឆេះបំផ្លាញ ធ្វើពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ បណ្ដាលឲ្យខូចខាតអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិនៅក្នុងនោះផងដែរ សរុបជាទឹកប្រាក់សរុបជិត៥ ០០០ដុល្លារ ។
សមត្ថកិច្ចបញ្ជាក់ថា ជនដែលដុតបំផ្លាញផ្ទះឪពុកខ្លួនឯងនេះ ជាមនុស្សវង្វេងស្មារតីអស់ទៅហើយ ដោយសារគ្រឿងញៀន ។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនបែកថ្នាំនេះទៅកាន់ប៉ុស្ដិ៍នគរបាលហើយ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕