Connect with us

តារាជាតិ

កុំចេះតែហ៊ាន ! អ្នកកាសែត២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទជំរិតទារលុយ

ខេត្តកំពង់ធំ ៖ អ្នកកាសែតចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន  ក្រោយពីអ្នកកាសែតត្បាញអាយទាំង២ ធ្វើសកម្មភាពជំរិតទារប្រាក់ចំនួន១២០០ដុល្លារ ពីមន្រ្តីដែនជម្រកសត្វព្រៃអភិរក្សព្រៃឡង់។ 

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ អាំង ប៊ុនហ៊ូវ មុខរបរ ជាអ្នកកាសែត  បម្រើការងារនៅសារព័ត៌មានវិថីសន្ដិភាព  និងម្នាក់ទៀត មានឈ្មោះហ៊ាង លីហាក់ អាយុ៥០ឆ្នាំ  អ្នកកាសែត បម្រើការនៅសារព័ត៌មានសំឡេងសន្តិភាព។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក យុត ពន្លឺ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ  ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះហ៊ាង លីហាក់ អាយុ៥០ឆ្នាំ និងឈ្មោះអាំង ប៊ុនហ៊ូវ អាយុ៤១ឆ្នាំ។ ជនត្រូវចោទទាំងពីររូបនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «កំហែងយក» ជំរិតទារប្រាក់ ចំនួន១២០០ដុល្លារ ពីលោក លី ស្រេង នាយកដែនជម្រកសត្វព្រៃអភិរក្សព្រៃឡង់។ 

សូបបញ្ជាក់ថា ជនជាប់ចោទ ឈ្មោះហ៊ាង លីហាក់ ទើបតែចេញពីពន្ធនាគារបានជាង១ខែប៉ុណ្ណោះ   ក្រោយពីសមត្ថកិច្ចចាប់ឃុំខ្លួននៅពន្ធនាគារ កាលពីចុងខែមិថុនា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទឆបោក ដែលកាលនោះជនជាប់ចោទរូបនេះ បម្រើការងារនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ប៉ុន្តែក្រោយពីចេញពន្ធនាគារ ជននេះ មិនព្រមកែខ្លួនធ្វើជាមនុស្សល្អទេ ដោយដើរតាមគន្លងចាស់ ហើយត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារវិញជាលើកទី២៕

Advertisement