Connect with us

ព័ត៌មានជាតិ

សមគុក១ជីវិតណាស់ ! បង្ខំក្មេងស្រីតូចៗដើរសុំទាន និងរួមភេទជាមួយបុរសបរទេស យកលុយឲ្យខ្លួនទិញថ្នាំញៀនជក់

ខេត្តសៀមរាប៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរផ្លូវភេទកុមារ និងបង្ខំក្មេងស្រីដើរសុំទានគេ យកប្រាក់មកឲ្យខ្លួនទិញថ្នាំញៀនជក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ ពេត ម៉ៅ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងប្រមូលបានក្មេងស្រីរងគ្រោះចំនួន៥នាក់ផងដែរ។  ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប កាលពីវេលាម៉ោង៥ និង២០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ។ 

ក្មេងស្រីរងគ្រោះ

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានបង្ខំក្មេងស្រីទាំង៥នាក់នេះ ដើរសុំទាននៅផ្សារចាស់ តំបន់ផាស្ត្រីត ចាប់ពីពេលល្ងាចម៉ោងប្រហែល ៧យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ  និងតម្រូវឲ្យក្មេងទាំងនោះបង់ប្រាក់ឲ្យខ្លួន ក្នុងម្នាក់ ១ទៅ២ម៉ឺនរៀលក្នុង១យប់។ បើក្មេងណារកលុយមិនបានទេ ជនសង្ស័យនឹងវាយធ្វើបាប ព្រមទាំងបង្ខំឲ្យក្មេងជក់គ្រឿងញៀន ហើយបើមានភ្ញៀវបរទេសណា ត្រូវការយកក្មេងទៅដេកជាមួយ(រួមភេទ) ជនសង្ស័យជាអ្នកជំរុញឲ្យទៅជាមួយជនបរទេស  រួចជនសង្ស័យដកយកភាគរយពីជនបរទេសឲ្យលុយទៅក្មេងៗថែមទៀត។

ជនសង្ស័យ ត្រូវសមត្ថកិច្ចនាំទៅឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តសៀមរាប  ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

Advertisement