Connect with us

ព័ត៌មានជាតិ

ចោរអត់ជំនាញ! ជនសង្ស័យម្នាក់លួចកាបូបលុយគេបានសម្រេច តែរត់មិនរួច បានត្រឹមតែជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចូលលួចកាបូប ខណៈដែលម្ចាស់កំពុងរវល់ជាប់ដៃអ៊ុតសក់ឲ្យភ្ញៀវ បានហើយរត់គេចខ្លួន តែត្រូវម្ចាស់ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋក្បែរខាង ស្របពេលដែលកម្លាំងល្បាតទៅដល់ ក៍ដេញចាប់ខ្លួនបានភ្លាមៗ កាលពីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងតូបអ៊ុតសក់ ក្នុងផ្សារតាំងកសាងចាស់ ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ម៉ៅ ពុទ្ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ 

 ចំណែកស្ត្រីរងគ្រោះឈ្មោះ និញ ឆៃវី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិចំការឪឡឹក១ សង្កាត់កាកាប១ ។

មុនពេលកើតហេតុ ខណៈស្ត្រីរងគ្រោះកំពុងជាប់ដៃអ៊ុតសក់ឲ្យភ្ញៀវ ហើយកូនស្រីតូចម្នាក់ដេកលេងនៅលើកៅអីមួយនៅខាងមុខ ហើយដាក់កាបូបលុយនៅក្បែរនោះ ស្រាប់តែជនសង្ស័យដើរមកដល់ ឆ្លៀតឱកាសចូលទៅឆក់យកកាបូបលុយ ហើយព្យាយាមរត់គេចខ្លួន តែភ្លាមៗនោះ ស្រ្តីជាម្ចាស់កាបូបឃើញទាន់ ក៍ស្រែកផ្អើលពលរដ្ឋក្បែរខាង គាប់ជួនកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះស្រាប់ បានទៅដល់ ក៍ដេញចាប់ខ្លួនជនសង្ស័យ នាំយកទៅប៉ុស្តិ៍កាកាប១  ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តតាមនីតិវិធី ៕

Advertisement