Connect with us

ព័ត៌មានជាតិ

រថយន្តក្រុងផ្តាច់ព្រលឹង ! រថយន្តក្រុងដឹកអ្នកដំណើរទៅវៀតណាម បើកមិនប្រកាន់ស្តាំ បុកអ្នកជិះម៉ូតូស្លាប់

ខេត្តកណ្តាល ៖ រថយន្តក្រុងដឹកអ្នកដំណើរពីភ្នំពេញទៅប្រទេសវៀតណាម ១គ្រឿង បានបើកបរបោះពួយយ៉ាងលឿនដូចហោះ  ថែមទាំងបើកជែងចេញចង្កូតទៅគន្លងផ្លូវម្ខាងទៀត រួចជ្រុលបុកម៉ូតូ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤០ និង៤១ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ។ 

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-6597 ជារថយន្តរបស់ក្រុមហ៊ុន D D ដឹកអ្នកដំណើរ (ភ្នំពេញ-វៀតណាម) បើកបរដោយឈ្មោះលឹម បូរ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរបើកបរ រស់នៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែក ជនរងគ្រោះ មានឈ្មោះពាង ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករ រស់នៅភូមិព្រៃផ្ញា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ជនរងគ្រោះបើកម៉ូតូហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GF-6710 ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅអ្នកលឿងទៅភ្នំពេញ ក្នុងល្បឿនលឿនខ្លាំង។ លុះដល់ចំណុចកើតហេតុបានវ៉ាជែងចេញទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកជនរងគ្រោះដែលកំពុងបើកម៉ូតូបញ្ច្រាសគ្នា បណ្តាលឲ្យកៀបជាមួយរថយន្តស្លាប់យ៉ាងរន្ធត់។ រីឯអ្នកបើកបររថយន្តបង្កមិននៅទទួលខុសត្រូវនោះទេ ដោយចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ មន្ត្រីនគរបាលចរាចរស្រុកកៀនស្វាយ បានចុះទៅដល់ជួយអន្តរាគមន៍វាស់វែង និងប្រគល់សាកសពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំង២ ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់៕

Advertisement