ខេត្តពោធិ៍សាត់៖ ទណ្ឌិតម្នាក់ដែលត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ ពីបទមនុស្សឃាតគិតទុកជាមុន មិនដឹងមូលហេតុអ្វី បានសម្រេចចិត្តចងករសម្លាប់ខ្លួននៅក្នុងពន្ធនាគារ និងបានស្លាប់ក្រោយពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងមណ្ឌលកែប្រែទី៤(ម៤) ស្ថិតក្នុងនៅភូមិព្រហ្បស្តិ៍ក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ។
ទណ្ឌិតជាជនរងគ្រោះ ឈ្មោះ ប៊ុន សុធី ជាប់ទោសពីបទមនុស្សឃាតគិតទុកជាមុន ហើយត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ គិតចាប់ពីថ្ងៃ ឃុំខ្លួននៃថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៨ ។
នៅវេលាម៉ោង ២១និង១៥នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ទណ្ឌិតរងគ្រោះបានយកក្រមាចងក និងចម្រឹងបង្អួចក្នុងបន្ទប់B1 អគារB នៅមណ្ឌលអប់រំកែប្រែខាងលើ ពេលនោះអនុរក្សពន្ធធនាគារកំពុងដើរពិនិត្យអ្នកទោសតាមអគារ ប្រទះឃើញ ក៏ភ្ញាក់ផ្អើលនិងដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ បានរយ:ពេល២ថ្ងៃ ទណ្ឌិតរូបនេះ ក៏ស្លាប់បាត់បង់ជីវិតតែម្តងទៅ។
ប្រពភព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ទណ្ឌិតឈ្មោះ ប៊ុន សុធី ជាប់ទោសពីបទមនុស្សឃាតគិតទុកជាមុន មានស្ថានទម្ងន់ទោស ហើយត្រូវបានតុលាការកំណត់ឲ្យជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំ គិតចាប់ពីថ្ងៃឃុំខ្លួន គឺថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៨មក ។
ក្រោយពីមានការសម្របសម្រួលពីគណ:កម្មការពិនិត្យនិងធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុរួច សាកសពទណ្ឌិតរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕