Connect with us

ព័ត៌មានអន្តរជាតិ

គ្រោះថ្នាក់ធ្លាក់យន្តហោះដ៏រន្ធត់ នៅកោះហាវ៉ៃ… មនុស្ស៩នាក់ជិះលើយន្តហោះឆេះខ្លោច ស្លាប់ទាំងអស់

បរទេស៖ កាលពីថ្ងៃទី២១ ខែមិថុនា ម្សិលមិញនេះ សារព័ត៌មានក្នុងស្រុកមួយ បានផ្សាយពីគ្រោះថ្នាក់ធ្លាក់យន្តនោះដ៏រន្ធត់ និងលក្ខណៈជាទ្រង់ទ្រាយធំមួយមិនធ្លាប់មានពីមុនមក នៅអាកាសយានដ្ឋាន Dillingham Airfield ក្នុងទឹកដីនៃកោះ Oahu ហាវ៉ៃ ។

យោងតាមរបាយការណ៍របស់មន្ត្រីក្នុងតំបន់ខាងលើនេះ បានឲ្យដឹងថា យន្តហោះដែលបានធ្លាក់ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ម៉ោងក្នុងតំបន់ កាលពីថ្ងៃទី២១ ម្សិលមិញនេះ ដោយគេបានឃើញក្រុមពន្លត់អគ្គីភ័យបានចូលទៅសង្គ្រោះភ្លាមៗ ក្រោយពេលកើតហេតុ ដោយបានបាញ់ពន្លត់ភ្លើងឆេះគ្របដណ្តប់យន្តហោះខាងលើយ៉ាងសន្ធោសន្ធៅ ហើយគេបានឃើញផ្សែងខ្មៅខ្មួលខ្មាញ់ពីចម្ងាយគួរឲ្យរន្ធត់ ។

ក្រោយការសង្គ្រោះរយៈពេល១ម៉ោង ប្រធានក្រុមខាងពន្លត់អគ្គីភ័យខាងលើ លោក Manuel Neves បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គេបានរកឃើញសាកសព៩នាក់ ឆេះខ្លោចនៅក្នុងយន្តហោះតែម្តង ហើយក្រុមគ្រួសារខាងជនរងគ្រោះ ក៏បានទៅដល់ទីកន្លែងកើតហេតុផងដែរ ជាមួយនិងការយំសោកសង្រេងគួរឲ្យសង្វេគ ។

លោក Neves បានប្រាប់ទៀតថា “លោកបានចាប់អាជីពជាអ្នកពន្លត់អគ្គីភ័យជាង៤០ឆ្នាំកន្លងមកហើយ ហើយនេះគឺជាគ្រោះថ្នាក់ដែលធ្វើឲ្យលោកមានភាពរន្ធត់បំផុត ដែលមិនធ្លាប់ជួបប្រទះពីមុនមកនៅលើទឹកដីនេះ”។

ទោះជាយ៉ាងណា មនុស្ស៩នាក់នៅលើយន្តហោះខាងលើ បានស្លាប់ទាំងអស់ ហើយគ្រោះថ្នាក់នេះ ជាប្រវត្តិសាស្ត្រនៃសោកនាដកម្មដ៏ធំមួយ នៅលើកោះហាវ៉ៃ ដោយកាលពី៥ឆ្នាំមុន ក៏ធ្លាប់កើតមានករណីគ្រោះថ្នាក់របៀបនេះមួយដែរ ដោយសម្លាប់មនុស្សអស់៨នាក់ ៕

Advertisement