Connect with us

ព័ត៌មានអន្តរជាតិ

ស្ត្រីម្ចាស់ហាងលក់ក្តាមម្ឈូសម្នាក់ បានរៀបរាប់ថា ខ្លួនជួបខ្មោចតៃហោងផ្ទាល់ ខណៈពេលកំពុង… (មានវីដេអូ)

ប្រទេសថៃ៖ ស្ត្រីម្នាក់មានឈ្មោះ រតនៈ សាយបុណ្យ អាយុ៣២ឆ្នាំ ដែលជាម្ចាស់ហាងលក់ក្តាមម្ឈូសដាក់សព ស្ថិតនៅក្នុងខេត្តមួយនៃប្រទេសថៃ បានរៀបរាប់បទពិសោធន៍ថា ខ្លួនគាត់ធ្លាប់បានជួបប្រទះអតិថិជនម្នាក់សក់ខ្លី មកសុំទិញបារ៉ត ដើម្បីយកចាក់ឲ្យសពកុំឲ្យធំក្លិន នៅផ្ទះរបស់ខ្លួន ចំងាយពីកន្លែងគាត់លក់១០គីឡូម៉ែត្រ ដោយសុំទិញចំនួន២គីឡូក្រាម ហើយពេលដែលគាត់ដើរចូលទៅក្នុងផ្ទះ ដើម្បីយកបារ៉តមិនដល់១នាទីផង ហើយបានដើរចេញមកក្រៅវិញ ស្រាប់តែបាត់អ្នកទិញ ហើយគាត់ក៏មិនបានចាប់អារម្មណ៍ឡើយ។

រហូតព្រឹកឡើង ស្រាប់តែមានអតិថិជនមកទិញបាច់ផ្កា ព្រមទាំងបានប្រាប់ថា យកទៅចូលរួមបុណ្យសពបុរសម្នាក់ ចំងាយ១០គីឡូម៉ែត្រពីផ្ទះគាត់ ហើយថែមទាំងបង្ហាញរូបភាពសពឲ្យគាត់មើលទៀតផង ស្រាប់តែគាត់ភ្ញាក់ខ្លួនព្រើត ដោយសារតែរូបសពនោះ គឺជាបុរសម្នាក់ដែលមកសុំទិញបារ៉តពីគាត់ កាលពីម្សិលមិញនោះ ។

ទាក់ទងនិងរឿងនេះ សារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយពីការរៀបរាប់ របស់ម្ចាស់ហាងខាងលើ ដោយគាត់បានប្រាប់ថា ខ្លួនគាត់តែងតែជួបប្រទះរឿងចម្លែកៗជាញឹកញាប់ណាស់ ដូចជាជាក់ស្តែងនេះ ហាងក្តាមម្ឈូសរបស់គាត់ បានលក់ម្ឈូសទៅឲ្យតាយាយ២នាក់ ហើយខ្លួនគាត់បានទៅចូលរួមពិធីបូជាសព ហើយបានថតរូបស្រាប់តែជាប់រូបថតតាយាយ ដែលទិញម្ឈូសរបស់គាត់ ឈរនៅពីក្រោយភ្លើងដុតសព ហើយរូបនោះមិនមែនជារូបភាពកាត់តឡើយ គឺថតដោយទូរស័ព្ទដៃគាត់ផ្ទាល់តែម្តង ។

គាត់បន្តទៀតថា រូបថតខាងលើដែលថតជាប់ខ្មោចតាយាយនោះ គាត់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ូក រហូតមានអ្នកស៊ែតៗគ្នាយ៉ាងច្រើនផងដែរ ។ បើតាមការរៀបរាប់ពីបុរសម្នាក់ ជាអ្នកមើលថែកន្លែងដុតសពក្នុងវត្ត ព្រមទាំងជាអ្នកថតរូបម្នាក់ផងនោះ បានរៀបរាប់ថា គាត់ក៏បានឃើញ២នាក់ប្តីប្រពន្ធ ឱបគ្នាហោះឡើងលើ ខណៈពេលដែលសពប្តីដុតមុន ហើយសពប្រពន្ធដុតតាមក្រោយ ។

គាត់បន្តថា ហេតុការណ៍ខាងលើនេះ បានកើតឡើងច្រើនឆ្នាំកន្លងមកហើយ ដោយ២នាក់ប្តីប្រពន្ធខាងលើបានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរ ស្លាប់នៅក្នុងរថយន្តនៅខាងមុខវត្តតែម្តង ហើយការដុតសពប្តីប្រពន្ធនោះបានប្រព្រឹត្តិទៅនៅវេលាម៉ោងប្រហែលគ្នា ពេលដែលដុតភ្លើងឡើងនោះ មិនអាចមើលឃើញខ្មោចដោយភ្នែកទទេបានទេ តែពេលថតរូបភាព ស្រាប់តែឃើញដូចមនុស្សឱបគ្នាអញ្ចឹង ៕

Advertisement