តារាជាតិ
លោក វីរៈ វ៉ារ៉ានី បញ្ចេញពាក្យក្នុងចិត្តក្រោយឃើញឈុតក្រៅឆាកនៃកុនខ្មែរមួយបង្ហាញតួអង្គសិស្សសាលាស្លៀកខោខ្លីផ្ទុយពីឯកសណ្ឋានរបស់ជាតិ!

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងមកនេះ នៅលើគណនីហ្វេប៊ុកផេក Sastra Film បានបញ្ចេញឈុតក្រៅនៃវណ្ណកម្មភាពយន្តថ្មីមួយដោយបង្ហាញពីរូបភាពតួអង្គសិស្សសាលាខ្មែរពីររូប ដោយពាក់អាវសដៃខ្លី ស្លៀកខោជើងខ្លីត្រឹមជង្គង់ ដែលធ្វើឲ្យមានអ្នកគាំទ្រភាពយន្តមួយចំនួនហាក់មានការភ្ញាក់ផ្អើល និងពិបាកបែងចែងថាតើនេះជាកុនខ្មែរ ឬក៏បរទេស?
តួយ៉ាងលោក វីរៈ វ៉ារ៉ានី ដែលជាអ្នកស្រាវជ្រាវសិល្បករខ្មែរពីជំនាន់ដើម បានបញ្ចេញទស្សនៈបែបនេះក្រោយឃើញរូបភាពរបស់សិស្សសាលាក្នុងកុននោះថា «សូមចូលរួមមតិតិចតួចជូនផលិតករមួយចំនួន! ក្នុងនាមខ្ញុំជាទស្សនិកជនមួយរូប ខ្ញុំបានតាមដាននិងសង្កេតរាល់ស្នាដៃកុនខ្មែរដែលកំពុងផលិតក្នុងបច្ចុប្បន្នភាពសព្វថ្ងៃ ឃេីញថាមានការរីកចម្រេីនជាលំដាប់ចំពោះការថត តែថ្ងៃនេះខ្ញុំប្រទះឃេីញដោយចៃដន្យនូវវណ្ណកម្មថ្មីមួយរបស់ក្រុមហ៊ុនថតភាពយន្តក្នុងស្រុកមួយ។
ខ្ញុំនិយាយតាមត្រង់ ខ្ញុំមេីលមួយភ្លែតស្មានតែជាកុនបរទេស ដោយឃេីញសម្លៀកបំពាក់របស់តួអង្គ ដល់មេីលយូរទៅទេីបដឹងថាជាកុនខ្មែរសោះ។ ចំណុចដែលឃេីញខុសប្រក្រតីនោះគឺ សម្លៀកបំពាក់ និងម៉ូតសក់តែម្តង។ ស្រុកខ្មែរយេីងតាំងពីដេីមរៀងមក សិស្សក្នុងកម្រិតអនុវិទ្យាល័យ រឺវិទ្យាល័យ មិនត្រូវបានអនុញ្ញាតអោយស្លៀកខោបែបនេះទៅរៀនទេ។ តែបេីក្មេងៗរៀននៅមតេយ្យសិក្សា រឺបឋមសិក្សា ពិតជាអាចស្លៀកខោខ្លីបែបនេះបាន លុះចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ សង្គមខ្មែរយេីងពុំអនុញ្ញតអោយសិស្សប្រុសស្លៀកខោខ្លីៗមករៀននោះទេ ហើយមកដល់កម្រិតសិក្សានៅសកលវិទ្យាល័យក៏ដូច្នេះដែរ។ តែសម្រាប់ប្រទេសថៃ ឯកសណ្ឋានសិស្សគឺតម្រួវអោយស្លៀកខោខ្លីមែន។
រឿងពិតមួយសម្រាប់ខ្លួនខ្ញុំផ្ទាល់ កាលខ្ញុំរៀននៅថ្នាក់អនុវិទ្យាល័យ ខ្ញុំធ្លាប់ស្លៀកខោខ្លីបែបនេះទៅរៀនម្តងត្រូវគ្រូប្រដៅថាហាមស្លៀកខោខ្លីបែបនេះមករៀនទៀត។
បេីសិនជាសម្លៀកបំពាក់នេះគាត់គ្រាន់តែស្លៀកដេីរលេង នោះ ជាការណ៍មួយផ្សេងតាមការនិយមរបស់គាត់ តែមេីលមួយភ្លែតយេីងអាចឃេីញថា មានលក្ខណះស្ទាយ៍របស់ប្រទេសជិតខាងយេីង ដែលយុវវ័យគេនិយមស្លៀកពាក់បែនេះ។
ខ្ញុំធ្លាប់បានសិក្សាស្វែងយល់ដោយមានមិត្តមួយចំនួនជាជនជាតិថៃបានដឹងថា នៅប្រទេសថៃគឺសាលាគេតម្រូវអោយស្លៀកខោខ្លីតាំងពីថ្នាក់មតេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ដែលនេះគេហៅថា ឯកសណ្ឋានរបស់ជាតិសាសន៍គេ។ ជាតិយេីងក៏មានឯកសណ្ឋានគំរូសម្រាប់សាលារដ្ឋដូចគ្នា នៅតាមកម្រិតសិក្សាដោយសិស្សក្មេងៗថ្នាក់មតេយ្យសិក្សា និងបឋមអាចស្លៀកខោខ្លីបានមែន តែដល់ថ្នាក់អនុវិទ្យាល័យពុំអាចស្លៀកខោខ្លីបានឡេីយ។
តេីការថតនេះជាលក្ខណះសិស្សសាលារដ្ឋ រឺសាលាឯកជន? តើនេះជាសិស្សវិទ្យាល័យ រឺនិស្សិតសកលវិទ្យាល័យ? បេីសិនជាសាលាឯកជនវិញ ស្រុកយេីងក៏ពុំសូវមានសិស្សសាលាស្លៀកខោខ្លីបែបនេះដែរ។ បេីមានលក្ខណះបែបនេះសូមជួយប្រាប់ផង!
ខ្ញុំសូមចូលរួមយោបល់ប៉ុណ្ណឹង មេត្តាកុំថាខ្ញុំជ្រុលនិយម រឺថាខ្ញុំចេះតែរិះគន់ទិទៀន តែនេះជាតថភាពសង្គមពិតៗ។
ភាពយន្តគឺឆ្លុះបញ្ចាំងពីសង្គម មិនអាចប្រាសចាកពីសង្គមពិតបាននោះទេ ហើយភាពយន្តបង្ហាញពីអ្វីគ្រប់សព្វដែលសង្គមមួយមាន បេីធ្វេីខុសពីសង្គមពិតជាក់ស្តែងនោះ ប្រាកដជាក្លាយទៅជារឿងផ្សេងទៀតបាន។
សូមមេត្តាកុំគិតថា សម្លៀកបំពាក់ កាយវិការ ពាក្យសម្តីមិនសំខាន់សម្រាប់ការកសាងកុនមួយអោយសោះ កត្តាទាំងនោះគឺជាការណ៍សំខាន់ដែលនាំអោយអ្នកទស្សនាយល់ និងឆ្លុះបញ្ចាំងពីភាពយន្តទាំងនោះ។ ខ្ញុំទិទៀននេះក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ពុំមានចេតនាអ្វីផ្សេងឡេីយ។
មតិផ្ទាល់នៃខ្ញុំ វីរៈ វ៉ារ៉ានី»៕
