Connect with us

តារាជាតិ

ក្រោយមានអ្នករិះគន់រឿងសំលៀកបំពាក់សិស្សសាលាក្នុងសា្នដៃរឿងថ្មីរបស់ Sastra Film ពេលនេះម្ចាស់ផលិតកម្មចេញមុខឆ្លើយតបហើយ!

រាជធានីភ្នំពេញ ៖ ក្រោយពេលមានមហាជនអ្នកគាំទ្រកុនខ្មែរបានចេញមុខមកទិទៀនដើម្បីស្ថាបនាទៅលើការផលិតខ្សែភាពយន្តថ្មីរបស់ផលិតកម្ម Sastra Film ជាពិសេសគឺនៅពេលដែលមានការបង្ហោះរូបភាពក្រោយឆាករបស់តួអង្គសិស្សសាលាខ្មែរពីររូបដែលស្លៀកសំលៀកបំពាក់ផ្ទុយពីឯកសណ្ឋានសិស្សសាលារបស់កម្ពុជានោះ ពេលនេះម្ចាស់ផលិតកម្ម ក៏ដូចជាអ្នកដឹកនាំរឿងនោះបានចេញមុខមកបកស្រាយបញ្ជាក់និងធ្វើការឆ្លើយតបវិញហើយ។

អ្នក​ស្រី ប៊ុន ចាន់និមល ដែលជាអ្នកដឹកនាំរឿងប្រភេទ BL ហាក់បានដាក់បញ្ចូលឈុតឆាករបស់សិស្សសាលាប្រុសបពីររូបដែលស្លៀកខោខ្លី ដែលនេះត្រូវបានមហាជនលើកឡើងថាសំលៀកបំពាក់បែបនោះជាអត្តសញ្ញាណសិស្សសាលានៅប្រទេសថៃទៅវិញ។

ឆ្លើយតបទៅនឹងការទិទៀន ក៏ដូចជាការរិះគន់ពីសំណាក់មហាជនអ្នកស្រី ប៊ុន ចាន់និមល បានលើកឡើងថា«ខ្មែរស្រលាញ់ខ្មែរ! ពួកយើងប្រឹងណាស់ ប្រឹងក្រោកទាំងលូន ទាំងវា ពួកយើងខំមករាប់ឆ្នាំ ខំតាំងពីគេមិនឲ្យតម្លៃរឿងខ្មែរ រហូតរកបានអ្នកគាំទ្ររាប់លាននាក់ ដែលបានយល់ពីតម្លៃនៃការខំប្រឹងពិតរបស់ពួកយើង។
មួយឆ្នាំ យើងចាក់ផ្សាយភាពយន្តជីវិត ជិត៦០រឿង,ខ្សែរឿងជីវិត ជាង១០រឿង, ខ្សែភាពយន្តភាគខ្នាតវែង ប្រមាណជិត១០រឿង។

ហើយ២ឆ្នាំចុងក្រោយត្បិតវិបត្តិកូវីដ១៩ យើងក៏មិនបានដេកដួលរមួលផ្សំក្រិច ឲ្យកូវីដជាបញ្ហា យើងរិះរកគ្រប់មធ្យោបាយ ដើម្បីដង្ហើមរស់នៃជីវិតអាជីពភាពយន្ត និងសិល្បៈករ សិល្បៈការិនី រហូតយើងថ្លើមធំហ៊ានប្រថុយបន្តផលិតរឿងបន្ថែមឲ្យបានច្រើនប្រភេទ និងបង្កើត Sastra Film App Cambodia ។ យើងមិនធ្លាប់អួតមុនធ្វើ យើងមិនធ្លាប់សំពះអង្វរ យើងមានតែការប្រឹងហើយប្រឹងទៀត។ យើងធ្វើការទាំងថ្ងៃទាំងយប់ យើងគិតហើយអនុវត្តភ្លាម ត្បិតពេលវេលាមានតម្លៃណាស់។ ដូច្នេះហើយ កំហុសយើងរមែងកើតមានដោយយថាហេតុណាមួយ ។ បើអ្នកពិតជាអ្នកស្រលាញ់ភាពយន្តខ្មែរ អ្នកអាចស្ថាបនាយើងបាន អ្នកអាចខល ឬឆាត ឬអ៊ីមេលមកយើង ពួកយើងត្រេកអរណាស់បើបានអ្នកចេះដឹងជួយកែលម្អពួកយើងបន្ថែម។ តែខ្ញុំសូមក្តីមេត្តាករុណា កុំយកកំហុសពួកយើង ទាំងអ្នកវិនិច្ឆ័យ កាត់សេចក្តីត្រឹមរូបថត ហើយផុសឲ្យផ្អើលគេឯង យក Like យក Share ដើម្បីល្បីខ្លួនឯង។

សូមអរព្រះគុណ អរគុណយ៉ាងក្រៃលែងចំពោះជនរួមជាតិដែលឃើញតម្លៃការប្រឹងប្រែងរបស់ពួកយើង ពួកយើងប្តេជ្ញាចិត្តប្រឹងប្រែងដើម្បីភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក។ ពួកយើងគឺ Sastra Film»៕

Advertisement