Connect with us

ព័ត៌មានជាតិ

អ្នកសិក្សាខ្មែរប្រតិកម្មខ្លាំងៗទៅលើបុគ្គលឈ្មោះ ស្លាបប៉ាកកាទេវរាជ និពន្ធសៀវភៅ «ដើមកំណើតអក្សរសាស្រ្តខ្មែរ» សរសេរអក្ខរាវិរុទ្ធខុសច្រើនពេកអាចបង្កហានិភ័យដល់អ្នកសិក្សាជំនាន់ក្រោយ!

រាជធានីភ្នំពេញ ៖ ថ្មីៗកន្លងមកនេះមានបណ្តាអ្នកសិក្សា ក៏ដូចជាមហាជនខ្មែរជាច្រើនរូបបានផ្ទុះប្រតិកម្មជាខ្លាំងចំពោះបុគ្គលម្នាក់ដែលមានឈ្មោះ ផុន កុលចំរើន ហៅ ស្លាបប៉ាកកាទេវរាជ បានតាក់តែង និពន្ធសៀវភៅដែលមានចំណង ជើងថា «ដើមកំណើតអក្សរសាស្រ្តខ្មែរ» ហើយក្នុងនោះផងដែរគេបានសង្កេតឃើញថាបុគ្គលខាងលើនេះហាក់សរសេរពាក្យពេចន៍ ក៏ដូចជាអក្ខរាវិរុទ្ធខ្មែរខុសជាបន្តបន្ទាប់ និងបែរជាត្រូវបានគេដឹងថាបុគ្គលរូបនោះអាចទទួលបានសិទ្ធិបោះពុម្ភសៀវភៅដើម្បីចែកចាយដល់បណ្តាជនខ្មែរផងដែរ ដែលប្រការនេះធ្វើឲ្យអ្នកសិក្សាខ្មែរមួយចំនួនធំបង្ហាញក្ដីកង្វល់ និងការព្រួយបារម្ភចំពោះអក្សរសាស្រ្តជាតិខ្មែរ។

បើយោងទៅតាមការលើកឡើងរបស់គណនីហ្វេសប៊ុកផេកឈ្មោះ យួង សូដា បានបង្ហោះចែកចាយជូនទៅដល់បណ្តាអ្នកលេងបណ្តាញសង្គមយ៉ាងដូច្នេះថា «អក្សរសាស្ត្រជាតិខ្ញុំអើយ!សូមមិត្តអ្នកអាន_អ្នកនិពន្ធ_ព្រមទាំងក្រសួងវប្បធម៌និងវិចិត្រសិល្បៈមេត្តាចូលរួមពិនិត្យនិងមានមតិឆ្លើយតប សៀវភៅចំណងជើង “ដើមកំណើតអក្សរសាស្ត្រខ្មែរ” របស់លោក ផន កុលចំរើន (ស្លាបប៉ាកកាទេវរាជ)នេះ មិនដឹងថាតើសរសេរឡើងដោយការខ្ជីខ្ជា ឬចេតនាគោលបំណងអ្វីឱ្យប្រាកដ។ ហើយអ្វីដែលសំខាន់ គឺសុទ្ធតែចុះបញ្ជីសិទ្ធិស្នាដៃអ្នកនិពន្ធនៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ទៀត (មានទាំងហត្ថលេខាប្រធាននាយកដ្ឋានផងដែរ)។ តើក្រសួងមានបានពិនិត្យទេមុននឹងចុះបញ្ជីជូននេះ ឬធ្វើកិច្ចការនេះដោយខ្ជីខ្ជាដែរ? ឬមួយម្ចាស់សៀវភៅក្លែងបន្លំឬយ៉ាងណា?

សៀវភៅនេះ គឺនិយាយពីអក្សរសាស្ត្រខ្មែរទៀត មិនមែនរឿងនិទានកូនក្មេង ឬប្រលោមលោកលេងសើចទេណា! វាប៉ះពាល់ធ្ងន់ណាស់ដល់អក្សរសាស្ត្រជាតិខ្មែរ ដោយទាំងប្រវត្តិសាស្ត្រទៅទៀត។ បើមើលលើចំនួនបោះពុម្ពគឺសុទ្ធតែ៥០០០០ក្បាល (ដើមឆ្នាំ២០២០)។ អូ! ច្រើនណាស់! មិនមែនត្រូវលេងសើចទេ!
សូមអានចំណុចខ្លះខាងក្រោមដែលជាការពិនិត្យមើលរបស់ខ្ញុំ។ ខ្ញុំមិនមែនបណ្ឌិតអក្សរសាស្ត្រទេ តែខ្ញុំនិយាយដោយក្ដីបារម្ភបំផុតចំពោះអក្សរសាស្ត្រជាតិនិងប្រវត្តិសាស្ត្រជាតិ ហើយអាចថាខ្ញុំក៏ធ្លាប់បានសិក្សាពីអក្សរសាស្ត្រនេះកន្លងមកដែរ ទើបឃើញថាមានកំហុសច្រើនពេក ដែលមិនដឹងថាកំហុសដោយការខ្ជីខ្ជា ឬផ្ដោតតែលើលុយកាក់ ឬចេតនាណាបែបណាមួយមកលើអក្សរសាស្ត្រនិងប្រវត្តិសាស្ត្រខ្មែរ។

ទី១ កំហុសអក្ខរាវិរុទ្ធច្រើនពេកតាំងតែពីក្របសៀវភៅឡើង រហូតចូលដល់ក្នុងខ្លឹមសារ។ ឧទាហរណ៍ “ភាសាខ្មែរ” ទៅចេញតែ ភាសារខ្មែរ(ភាសាមាន រ មកពីណា?) “ស្រៈ” ទៅចេញស្រះ(ស្រះទឹកឬ?) “ទស្សនវិជ្ជា” ទៅចេញ ទស្សនះវិជ្ជា “រាងកាយ” ទៅចេញ រាង្គកាយ “វប្បធម៌” ទៅចេញ វប្បធម៏ “ជាតិសាសន៍” ទៅចេញ ជាតិសាស្ត្រ “ដទៃ” ទៅចេញ ដ៏ទៃ ឃើញប្រើពាក្យថា”យុត្តិសាស្ត្រក្នុងការបង្កើតអក្សរសាស្ត្រខ្មែរ” ហេតុអីហ៊ានសរសេរពាក្យយុត្តិសាស្ត្រត្រង់ប្រយោគនេះ? អ្វីជាយុត្តិសាស្ត្រ? យុទ្ធសាស្ត្រ? និងវិធីសាស្ត្រ? ហេតុអីប្រើច្របូកច្របល់ដល់ថ្នាក់នេះ?)
នៅមានកំហុសអក្ខរាវិរុទ្ធច្រើនទៀតដែលរាប់មិនអស់ គ្រប់ទំព័រ និងស្ទើរតែគ្រប់កថាខណ្ឌគ្រប់ឃ្លាផងដែរ។

ទី២ អត្ថន័យសរសេរឡើងតាមការស្រមើស្រមៃ គ្មានឯកសារយោងអ្វីសោះ។ ជាក់ស្ដែងក្នុងសៀវភៅសរសេរថា ភាសាខ្មែរកើតឡើងពីច្បាប់ធម្មជាតិដោយការត្រាស់ដឹងរបស់ព្រះពុទ្ធ។ ម៉េចបានទៅជាអក្សរខ្មែរពាក់ព័ន្ធរឿងព្រះពុទ្ធ? យកអីមកសំអាង? ហើយដូចជាពាក្យថា ដី ចេញមកពីសំឡេងបោះដីទៅលើមកវិញបែកឮសំឡេងដី ក៏ហៅដី? ទឹក ចេញមកពី តក់ តក់? ដើរ មកពីសំឡេង ដឹក ដឹក? ផ្ទះ ចេញមកពីដំផ្ទះឮសំឡេង ទះ ទះ? អ្ហាក! ដឹងមកពីណា? ក្បួនណាប្រាប់? សូមបង្ហាញផង!
ហើយលេខ១ដល់លេខ៥ទៅជាតំណាងព្រះពុទ្ធទាំង៥ក្នុងកប្ប? ហើយដោយសារអ៊ីចឹងបានជាធម្មតាគេមិនរាប់ពីលេខ០? អ្ហាក! មកពីណាទៀតហើយចំណុចហ្នឹង? មានអីជាសំអាង? ហើយចុះលេខ៦ដល់លេខ៩មកពីអីវិញ?

អក្សរខ្មែរទាំង៣៣តួ មកពីរាងកាយមនុស្ស៣៣ផ្នែក? តួព្យញ្ជនៈនីមួយៗ តាំងពី ក ដល់ អ ទៅជាបកស្រាយលើកពាក្យមកដាក់ឱ្យតែបានដាក់។ ស្រៈក៏ដូចគ្នា គឺបកស្រាយបែបស្រពេចស្រពិល ចាប់នេះចាប់នោះមកដាក់ដូចសម្លចាប់ឆាយ។ ហើយអះអាងថា ស្រៈនិស្ស័យ២៥តួ គឺបង្កើតឡើងដោយព្រះពុទ្ធបរមគ្រូ ហើយទៅជាក្បួនព្រះពុទ្ធខ្មែរ ព្រះកោនាគមនោឯណាឆ្កុយ។ ចុះស្រៈពេញតួវិញ ទៅជាយ៉ាងណា?

នៅមានការបកស្រាយអត្ថន័យច្របូកច្របល់របៀបនេះច្រើនទៀតក្នុងសៀវភៅមួយនេះ។
ជាចុងក្រោយ ខ្ញុំសូមទទូចឱ្យមានការចាប់អារម្មណ៍ ព្រមទាំងត្រួតពិនិត្យលើសៀវភៅនេះឡើងវិញ។ សូមកុំយកអក្សរសាស្ត្រជាតិ និងប្រវត្តិសាស្ត្រជាតិមកលេងសើចបែបនេះឱ្យសោះ។ បើសិនជាសៀវភៅនេះ មានឯកសារយោងវិញ សូមបង្ហាញមកផង ហើយធ្វើការបកស្រាយឱ្យបានលម្អិត ហើយក៏សូមដាក់ឯកសារយោងបញ្ជាក់ដែរ បើសិនជាមាន។ បើពិតជាមានកំហុសច្រើន(ដែលនាំមកនូវផលប៉ះពាល់ធ្ងន់) ឬចេតនាបែបណាមួយមិនល្អ សៀវភៅនេះគឺមិនត្រូវបន្តឱ្យមានការចែកចាយនៅលើទីផ្សារទៀតឡើយ។សូមអរគុណ!
ដោយក្ដីបារម្ភក្រៃលែងចំពោះអក្សរសាស្ត្រជាតិ
ពីខ្ញុំ យួង សូដា»៕

Advertisement