នៅក្នុងប្រទេសកម្ពុជាយើងមិនសូវជាមានអ្នកចិញ្ចឹមបង្កងប៉ុន្មានទេ ដោយសារប្រជាជនយើងពុំសូវបានយល់ដឹងពីរបៀបរបបនៃការចិញ្ចឹមបង្កងនោះទេ ហើយក៏ពុំសូវមានអ្នចិញ្ចឹមផងដែរ។ បង្កង មានច្រើនប្រភេទខុសៗគ្នាមានបង្កងទឹកសាប និងបង្កងទឹកប្រៃ រសជាតិរបស់វាក៏ខុសគ្នាទៅតាមនិង ប៉ុន្តែសុទ្ធតែមានរសជាតិឆ្ងាញ់ដូចគ្នា។ បច្ចុប្បន្ននេះ បង្កងឃើញមានសន្ទុះក្នុងទីផ្សារគួរឲ្យកត់សម្គាល់។
ដោយហេតុនេះហើយថ្ងៃនេះយើង និងបង្រៀនបងប្អូនឲ្យបានយល់ដឹងនូវបច្ចេកទេសក្នុងការចិញ្ចឹមបង្កងក្នុងកញ្ច្រែងឲ្យបានត្រឹមត្រូវតាមស្ដង់ដា ក៏ដូចជាទទួលបានទិន្នផលខ្ពស់ ដូចខាងក្រោម៖
១/.ការរៀបចំស្រះចិញ្ចឹម
– ជីកស្រះដែលមានទទឹង ១,៥ម៉ែត្រ ជម្រៅ ១,៥ ម៉ែត្រ បណ្ដោយប្រមាណ ១៥ម៉ែត្រ ឬតាមការចង់បាន (បើមានស្រះចាស់ស្រាប់កាន់តែប្រសើរព្រោះយើងបានទឹកថ្លាល្អសម្រាប់ ចិញ្ចឹម) យកល្អគួររៀបចំស្រះទុក១ឆ្នាំមុនការចិញ្ចឹម ព្រោះដើម្បីទទួលបានទឹកថ្លាល្អសម្រាប់ ចិញ្ចឹម)
– បើមានលទ្ធភាពជាងនេះយើងអាចចាក់ធ្វើជាអាង តង់ប្លាស្ទិចធ្វើជាស្រះ ឬលូសម្រាប់ចិញ្ចឹម ក៏បាន ។
២/.ការរៀបចំចិញ្ចឹម
– រៀបចំបង្គោលឈើសម្រាប់ចងព្យូរកញ្ច្រែង ដើម្បីងាយស្រួលក្នុងការលើកមើល និងដាក់ចំណីវា
– វិធីធ្វើកញ្ច្រែងគឺ យើងអាចយកកញ្ច្រែង២ ដែលមានអង្កត់ផ្ចិតប្រមាណ៣តឹក និងកម្ពស់ ប្រមាណ៣តឹកមកចងភ្ជាប់មាត់របស់វាជាប់គ្នា ផ្នែកបាតត្រូវដាក់ក្រាលសំណាញ់ក្រឡាស្អិត និងផ្នែកខាងលើត្រូវចោះរន្ធសម្រាប់ដាក់ចំណី
– ដាក់ចងដបទឹកប្លាស្ទិច២ នៅផ្នែកសងខាង ត្រឹមព្រះកណ្ដាលកញ្ច្រែងដើម្បីឲ្យវាអាចអណ្ដែត បាន
– ដាក់ទឹកបញ្ចូលក្នុងស្រះនោះ
– នៅពេលបញ្ចូលទឹករួចយកបង្គោលឈើមកចងភ្ជាប់ជាមួយកញ្ច្រែងរួចដាក់ចូលក្នុងស្រះ
ដោយទុកគម្លាតពីគ្នាប្រមាណ ៥ទៅ៧តឹក
និងមិនត្រូវឲ្យលិចផុតទៅក្នុងទឹកឡើយ
– បន្ទាប់មកដាក់កូនបង្កងទឹកសាបចំនួន១ចូលក្នុងកញ្ច្រែងចិញ្ចឹម
។
– ត្រូវរៀបចំប្រព័ន្ធឲ្យទឹកវិលប្រមាណ១៥-២០នាទី
ក្នុងមួយថ្ងៃ និងត្រូវផ្លាស់ប្ដូរទឹកចេញ
នៅពេលឃើញថាវាមិនសូវល្អដោយបូមចេញពាក់កណ្ដាលហើយដាក់ទឹកថ្មីចូល ។
៣/.ការផ្ដល់ចំណី
– យើងអាចឲ្យចំណីវា ២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច
– ប្រភេទចំណីដែលអាចឲ្យវាស៊ីបានមានដូចជា ជន្លេនក្រហម សាច់ដូងខ្ចីល្មម កូនត្រីតូចៗផ្សេងៗ ជាពិសេសត្រីទីឡាព្យា និងអាចឲ្យវាស៊ីបន្លែខ្លះដូចជាស្ពៃក្ដោបជាដើម ។
– យើងអាចផលិតចំណី១បែបទៀតគឺ
យកកន្ទក់ លាយជាមួយត្រីដែលគេកិនរួចយកល្បាយស្មើ គ្នា
រួចយកលាយជាមួយប្រេងរុក្ខជាតិ រួចដាក់ក្នុងកញ្ច្រែងឲ្យវាស៊ីដែលអាចជួយឲ្យវាឆាប់ធំធាត់
និងអាចទិញចំណីទីផ្សារខ្លះ ។
– អាចបូមទឹកផ្លាស់ប្ដូររាល់៣អាទិត្យម្ដងជាការប្រសើរ
ដើម្បីឲ្យបង្កងមានសុខភាពល្អ
ដោយបូមចេញពាក់កណ្ដាលហើយដាក់ទឹកល្អចូលឲ្យស្មើរដើមវិញ ។
– រយៈពេលប្រមាណ
៧ខែ យើងអាចប្រមូលផលវាបាន។
ជាការពិតណាស់ ការចិញ្ចឹមបង្កងក្នុងកញ្ច្រែងពិតជាមានភាពងាយស្រួល បងប្អូនគួរតែសាកល្បងចិញ្ចឹម ពីព្រោះថាតម្លៃទីផ្សារបង្កងនៅក្នុងស្រុកខ្មែរមានការកើនឡើង និងថ្លៃជាទីបំផុត ដែលធ្វើឲ្យអ្នកចិញ្ចឹមបានទទួលកម្រៃយ៉ាងក្រាស់ក្រែល ៕