CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការសកម្មភាពនៃគណៈកម្មការអ្នកស្ម័គ្រចិត្ត។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំនេះថា គណៈកម្មការអ្នកស្ម័គ្រចិត្ត ជាគណៈកម្មការពិសេសមួយ សម្រាប់ប្រមូលផ្ដុំនូវធនធានមនុស្ស ឬកងកម្លាំងការងារដ៏សំខាន់ សម្រាប់ជួយដល់ព្រឹត្ដិការណ៍រៀបចំការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំការគ្រប់គ្រងការរៀបចំផែនការ និងមានភាពគ្រប់ជ្រុងជ្រោយរបស់ឯកឧត្តម សុខ សប្បាយណា ដែលធ្លាប់មានបទពិសោធខ្ពស់ដែរ។

យើងឃើញថា អ្វីដែលជ្រើសរើសក្នុងការរៀបចំរបៀបនៅក្នុងបទបង្ហាញនេះ គឺមានភាពលម្អិតល្អ ហើយមានយុទ្ធសាស្ត្រច្បាស់លាស់ ហើយមានដាក់ចេញនូវយន្ដការប្រទាក់ក្រឡាគ្នាបានល្អ ទាំងការបណ្ដុះបណ្ដាល ទាំងការរកប្រភពរៀបចំជ្រើសរើសអ្នកស្ម័គ្រចិត្ត ហើយក៏ដូចជាការធ្វើឲ្យអ្នកស្ម័គ្រចិត្តមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើឲ្យព្រឹត្តិការណ៍ទាំងមូល មានភាពជោគជ័យ ឬមិនជោគជ័យទៅលើអ្នកស្ម័គ្រចិត្តដែលមាននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងពេលប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
