Connect with us

ព័ត៌មានជាតិ

អ្នកស្នេហាវិស័យអក្សរសាស្រ្តខ្មែរ បន្ថែមការព្រួយបារម្ភក្រោយសៀវភៅ «ដើមកំណើតអក្សរសាស្រ្តខ្មែរ» របស់ស្លាបប៉ាកកាទេវរាជបោះពុម្ពដល់ទៅជាង ៥ម៉ឺនក្បាល ខណៈអត្ថន័យ និងអក្ខរាវិរុទ្ធក្នុងសៀវភៅនោះមានកំហុសឆ្គងច្រើន!

រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានជ្រាបខ្លះៗរួចមកហើយពីការចុះផ្សាយ និងការប្រតិកម្មខ្លាំងៗរបស់អ្នកស្នេហាវិស័យអក្សរសាស្រ្តខ្មែរ និងបណ្តាជនខ្មែរមួយចំនួនផ្សេងទៀតទៅលើ សៀវភៅរបស់អ្នកនិពន្ធមួយរូបដែលមានឈ្មោះថា ផុន កុលចំរើន មានចំណងជើងថា «ដើមកំណើតអក្សរសាស្រ្តខ្មែរ» សរសេរឡើងដោយមានកំហុសអក្ខរាវិរុទ្ធ និងមានខ្លឹមសារមួយចំនួនប្រាសចាកពីភាពពិតប្រាកដនៃអក្សរសាស្រ្តខ្មែរ ក៏ដូចជាធ្វើឲ្យមានការភ័ន្តច្រឡំកាន់តែខ្លាំងប្រសិនបើយុវជនជំនាន់ក្រោយទទួលយកសៀវភៅខាងលើយកទៅសិក្សា។

សៀវភៅ ដែលមានចំណងជើងថា «ដើមកំណើតអក្សរសាស្រ្តខ្មែរ» ត្រូវបានគេដឹងថាមានការបោះពុម្ភផ្សាយរហូតដល់ទៅ ៥ម៉ឺនក្បាល ជាហេតុធ្វើឲ្យបណ្តាអ្នកសិក្សាខ្មែរមានការព្រួយបារម្ភ និងខ្លាចក្រែងថាអាចប៉ះពាល់ធ្ងន់ធ្ងរទៅដល់វិស័យអក្សរសាស្រ្តជាតិ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ម៉ៃ វឌ្ឍនា កវីជនបទ បានលើកឡើងថា «ខ្ញុំមិនបន្ទោសម្ចាស់សៀវភៅទេ ព្រោះយល់ឃើញថា គាត់មានសតិមិនប្រក្រតី តែអ្វីដែលគួរឱ្យស្ដាយនោះ គឺសៀវភៅបែបនេះក៏អាចបោះពុម្ពផ្សាយបានដែរ….ឱ! អក្សរសាស្ត្រជាតិដ៏កម្សត់អើយ…..!» ខណៈមានបណ្តាជនខ្មែរដទៃផ្សេងទៀតក៏ហាក់មានប្រតិកម្មជាមួយនឹងសៀវភៅខាងលើនោះដែរ ដូចជាគណនីហ្វេសប៊ុករបស់ព្រះតេជគុណព្រះចៅអធិការវត្ត មុនីសុខារាម បានបន្ថែមថា​ «បេីសៀវភៅនេះបោះពុម្ភរហូតដល់ទៅចំនួន៥០០០០ក្បាលពិតប្រាកដមែន​ តេីទៅជាយ៉ាងណាទៅអក្សរសាស្ត្រខ្មែរ?​ កូនខ្មែរអ្នកអានសៀវភៅនេះនឹងទៅជាបែបណា? ព្រោះមិនមែនតិចទេ៥០០០០ក្បាល ។ សូមអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរទាំងឡាយជួយពិនិត្យមេីលផង តេីនេះជារឿងពិតដែររឺទេ?»៕

 

Advertisement