Connect with us

ព័ត៌មានជាតិ

WHO និង UNICEF លើកឡើងថា ការបើកសាលារៀនឡើងវិញមិនអាចពន្យារពេលបន្តទៀតនោះទេ!!

រាជធានីភ្នំពេញ ៖ បើយោងតាមការចេញផ្សាយបស់អង្គការ យូនីសេហ្វ ដើម្បីកុមារបានបញ្ជាក់ថា ការបើកសាលារៀនឡើងវិញ មិនអាចពន្យារពេលបន្តទៀតបានទេ នេះជាការឡើកឡើងដោយ លោកតាកេហ្ស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីភាគខាងលិច និង អ្នកស្រី ការីន ហ៊ុលហ្សហ្វ នាយិកាយូនីសេហ្វ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក។

ជាការពិតណាស់ នៅក្នុងអំឡុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានចូលមកដល់ឆ្នំាទីពីរ ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព បានក្លាយជាអាទិភាពបន្ទាន់មួយ។ ការរៀននៅក្នុង​សាលា មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំរបស់កុមារ និងសក្តានុពលសម្រាប់ជីវិតពួកគេ។ ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំង​មូល​ ដែលពិបាកនឹងលើកហេតុផលណាមួយសម្រាប់ការបន្តបិទទ្វារសាលារៀនទៀត។

ប្រភពដដែលបានបន្ថែមថា ការបិទទ្វារសាលារៀនអូសបន្លាយរយៈពេលយូរ បង្កផលប៉ះពាល់យ៉ាងច្រើន មិនត្រឹមតែមកលើការទទួលបានជំនាញរបស់កុមារ និងសក្តានុពលរបស់ពួកគេក្នុងការរកចំណូលប៉ុណ្ណោះទេ ថែមទាំងលើសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ។ ខណៈពេលដែលការបង្រៀនតាមប្រព័ន្ធអនឡាញអាចជួយឲ្យកុមារមួយចំនួននៅតែបន្តការរៀនសូត្របាន សេវាទាំងនេះមិនអាចជំនួសឲ្យការរៀនផ្ទាល់បានឡើយ។ លើសពីនេះ លទ្ធភាពរៀនតាមប្រព័ន្ធអនឡាញនៅពុំទាន់មានសម្រាប់គ្រប់គ្នា ដោយកុមារជួបការលំបាក រួមទាំងកុមារមានពិការភាព​ កុមាររងផលប៉ះពាល់ពីការធ្វើចំណាកស្រុក និងក្រុមកុមារភាគតិចដែលពុំសូវទទួលបានការគាំទ្រ ត្រូវទទួលរងការខាតបង់ការសិក្សា ព្រោះពួកគេពុំមានលទ្ធភាពទទួលបានការអប់រំតាមប្រព័ន្ធឌីជីថល។

អង្គការ យូនីសេហ្វ ដើម្បីកុមារបានបន្ថែមថា ដំណឹងល្អ គឺការបើកសាលារៀនឡើងវិញ មិនអាស្រ័យលើការមានវ៉ាក់សាំងនោះឡើយ។ ពេលនេះ យើងចាំបាច់ត្រូវធ្វើការងារ ដើម្បីឈានទៅចាប់យក “គន្លងថ្មី” ប្រកបដោយចីរភាព ។ ខណៈពេលដែល ហានិភ័យទាបពេលដែលកុមារស្ថិតនៅក្នុងសាលារៀន គឺជាស្ថានភាពដែលងាយស្រួលគ្រប់គ្រង ផលវិបាកដែលកើតឡើងដោយសារតែពួកគេនៅក្រៅសាលា គឺមានកម្រិតធ្ងន់ធ្ងរ និងនៅដិតដាមយូរអង្វែង។ នេះគឺជាពេលវេលា ដែលខ្លោងទ្វារសាលារៀនត្រូវបើកឡើងវិញហើយ៕

ប្រភព ៖  អង្គការយូនីសេហ្វ អង្គការយូនីសេហ្វ (unicef.org)

Advertisement