Connect with us

កសិកម្ម

បច្ចេកទេសដាំស្ពៃក្ដោប ទទួលបានផលខ្ពស់

ស្ពៃក្ដោប​ ​ជា​ដំណាំ​បន្លែ​មួយ​ប្រភេទ ​យក​ស្លឹក​គ្មាន​ដើមមែក​ទេ ដែលមាន​ដើមកំណើត​នៅ​ទិស​ខាងជើង​ឈៀង​ខាងលិច​នៃ​ទ្វីប​អ៊ឺរ៉ុប ស្ថិតនៅក្នុង​សណ្ដាន គ្រុយ​ស៊ី​ហ្វែ​រ។ ​ ​ស្ពៃក្ដោប ជា​បន្លែ​ដែល​ប្រជាជន​ចូលចិត្ត​បរិភោគ​ណាស់ ព្រោះ​វា​មាន​សារធាតុ​ច្រើនយ៉ាង​សំរាប់​ទ្រទ្រង់​សុខភាព វា​សំបូរ​ទៅដោយ​វីតាមីន​អា និង​សេ នៅក្នុង​ជីវភាព​ប្រើប្រាស់​ធម្មតា ស្ពៃក្ដោប​គេ​យកទៅ​ធ្វើជា​ម្ហូប​អាហារ ដូចជា​ស្ងោរ ឆា ញាំ ជ្រក់ និង​បរិភោគ​ស្រស់​សំរាប់​ជា អន្លក់​ទឹកគ្រឿង​ផ្សេងៗ។​ ​

 ១/.ការ​ដុះ​លូតលាស់​

ស្ពៃក្ដោប​អាច​ដុះ​ពន្លក​ក្នុង​រយៈពេល ៣ ទៅ ៦ ថ្ងៃ​ក្រោយពី​សាប​គ្រាប់ ហើយ​កូន​ស្ពៃ​មាន​ដុះ​ស្លឹក ៤ ពិតប្រាកដ​ក្រោយពី​សាប​បាន​រយៈពេល​៤ ទៅ ៥ អាទិត្យ ។​

ស្ពៃក្ដោប​ចាប់​ចេញ​ផ្កា​ក្នុង​រយៈពេល ២ ទៅ ៣ ខែក្រោយ​ពី​ដាំ (​នៅពេលដែល​ក្ដោប​ស្លឹក​លែង​លូតលាស់​) ហើយ​អាច​ប្រមូល​ផល​បាន ២ ខែ​កន្លះ ទៅ ៣ ខែក្រោយ​ពី​ដាំ ។

​២/.ល័ក្ខខ័ណ្ឌ​អាកាសធាតុ​

​ ដំណាំ​ស្ពៃក្ដោប​ដុះ​លូតលាស់​ល្អ​នៅ​សីតុណ្ហភាព​ជា​មធ្យម ២០ អង្សា​សេ ។ នៅពេលដែល​សីតុណ្ហភាព​លើសពី ២៥ អង្សា​សេ កូន​ស្ពៃ​នៅ​ដុះ​លូតលាស់​ល្អ​ដដែល ប៉ុន្តែ​បើ​ស្ថិតនៅក្នុង​ដំណាក់កាល​ស្ពៃ​បង្កើត​ក្ដោប អាច​បង្អាក់​ដំណើរការ​លូតលាស់​នេះ ។

ដី​ដែល​ដាំ​ស្ពៃក្ដោប​ត្រូវ​ឲ្យ​ជ្រាប​ទឹក​ល្អ ហើយ​សំបូរ​ទៅដោយ​សារធាតុសរីរាង្គ​ច្រើន និង​មាន​សំណើម​គ្រប់គ្រាន់ ។​

​ក្នុង​ដំណើរការ​ដុះ​លូតលាស់ ស្ពៃក្ដោប​ត្រូវការ​ទឹកជា​ប្រចាំ ។ ប៉ុន្តែ​ប្រសិនបើ​ទឹក​ជោគជាំ​ខ្លាំងពេក​ក៏​ធ្វើ​ឲ្យ​ស្ពៃ​រលួយ​ដែរ ។ ក្រៅពី​ទឹក ស្ពៃ​ក៏ត្រូវ​ការ​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​ដែរ ដើម្បី​បង្កើត​ទិន្នផល​ឲ្យ​បាន​ខ្ពស់ ។ ស្ពៃ​ដែល​ដាំ​ក្នុង​ម្លប់​ពុំមាន​ស្លឹក​ក្ដោប​ល្អ​ទេ ។​

​៣/.រដូវ​ដាំ​ដុះ​

​ រដូវ​ដាំ​ដុះ​ដែល​ល្អ​សម្រាប់​ដំណាំ​ស្ពៃក្ដោប គឺ​នៅពេល​ដែលមាន​អាកាសធាតុ​ត្រជាក់ ។ ចំពោះ​ការដាក់​ដាំ​នៅពេល​អាកាសធាតុ​ក្ដៅ ហើយ​ស្ងួត​គុណភាព​ស្ពៃ និង​ការ​ដុះ​លូតលាស់​របស់​វា​មិនសូវ​បានល្អ​ទេ ។ យើង​អាច​ដាំ​ស្ពៃក្ដោប​បាន​ពីរ​រដូវ គឺ​នៅ​ខែមិថុនា កក្កដា និង​មួយទៀត​នៅ​ខែតុលា វិច្ឆិកា ។ ការ​ស្ទូង​កូន​យឺត​ពេលវេលា ក៏​ជា​លទ្ធផល​ធ្វើ​ឲ្យ​ទំរង់​ក្ដោប​មិនសូវ​បាន​ណែន​ល្អ ។

៤/.ការបន្ត​ពូជ និង​របៀប​សាប​គ្រាប់​ស្ពៃ

ដំណាំ​ស្ពៃក្ដោប​បន្ត​ពូជ​ដោយ​គ្រាប់ ជាពិសេស​គ្រាប់​ដែល​យើង​រក្សាទុក​បាន​ស្ងូ​ត​ល្អ​អាចធ្វើ​ឲ្យ​វា​ឆាប់​ដុះ​ពន្លក និង​ដុះ​ស្រុះគ្នា​ល្អ ។ ផ្ទុយទៅវិញ​គ្រាប់​ដែល​ទើប​ប្រមូល​ផល​បាន​ភ្លាមៗ សំណើម​ក្នុង​គ្រាប់​នៅ​ខ្ពស់ ការ​ដុះ​ពន្លក​មិនសូវ​បានល្អ​ទេ ។​កូន​ស្ពៃ​តូចៗ ដែល​ទើប​ដុះ ត្រូវការពារ​កុំ​ឲ្យ​ត្រូវ​កំដៅថ្ងៃ​ខ្លាំង ។ ចំពោះ​ការ​សាប​គ្រាប់​ស្ពៃ  ធ្វើ​រាន​ថ្នាល​ដែលមាន​កំពស់ ១ ម៉ែត្រ ទទឹង ១​ម៉ែត្រ ២​តឹក បណ្ដោយ​២​ម៉ែត្រ ។ នៅលើ​ថ្នាល ក្រាល​ជី​កំ​ប៉ុ​ស្ត ១០ បង្គី លាយ​ជាមួយ​ដី​មាន​ជីជាតិ កំរាស់ ៣ ទៅ ៤ តឹក បន្ទាប់មក​យក​គ្រាប់​ស្ពៃ​រោយ​ឲ្យ​ស្មើ​សព្វ​ល្អ រួច​ស្រោច​ទឹក ក្នុង​មួយថ្ងៃ ២ ដង ឲ្យ​ទៀងទាត់​រហូតដល់​កូន​ស្ពៃ​អាយុ ២ ខែ ទើប​ដកយក​ទៅ​ដាំ​នៅ​ចំការ ។

៥/.ការដាំដុះ​

​ ក្នុង​ការដាំ ត្រូវធ្វើ​ដី​ឲ្យ​បាន​ជ្រៅ និង​ដាក់​ជី​កំ​ប៉ុ​ស្ត ឬ​លាមក​គោ​ទ្រាប់​បាត​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ជីជាតិ​ដី ។​ ​ក្រោយពី​ស្ទូង​កូន​ហើយ យើង​អាច​ប្រើ​ចំបើង​គ្របពីលើ​រង ដើម្បី​ការពារ​ឲ្យ​ដី​មាន​សំណើម​ជាប់​ជាប្រចាំ និង​ការពារ​កុំ​ឲ្យ​ស្មៅ​ដុះ​ផង ។​

​ចំពោះ​ការរៀបចំ​ដី​គាត់​ភ្ជួរ​ចំនួន ២ សា លើក​ទី ១ ភ្ជួរ​ហាល​ដី​ចោល ១៥​ថ្ងៃ និង​លើក​ទី ២ ភ្ជួរ​ហើយ​លើក​ជា​រង​ដាំ​ដោយមាន​កំពស់ ១ តឹក ទៅ ១ តឹក​កន្លះ  បណ្ដោយ​ទៅតាម​ប្រវែង​ដី និង​ទទឹង ១ ម៉ែត្រ ២ តឹក ហើយ​ចន្លោះ​ពី​រង​មួយ ទៅ​រង​មួយ ៣ តឹក ។ ប៉ុន្តែ​រង​ស្ពៃ ​កាប់​ទទឹងថ្ងៃ ដើម្បី​ឲ្យ​ស្ពៃ​ទទួលបាន​ពន្លឺ​គ្រប់គ្រាន់ ។​​ នៅពេល​ល្ងាច​ត្រជាក់ ដក​កូន​ស្ពៃ​ពី​ថ្នាល ដោយមាន​ជាប់​ដី​ខ្លះៗ យកទៅ​ស្ទូង​ដោយ​ទុកចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ចំងាយ ៦​តឹក ។ ក្រោយពី​ស្ទូង​ហើយ​ត្រូវយក​កំប្លោក​ក្រៀម និង​ស្លឹក​រុក្ខជាតិ​មួយចំនួន​ទៅ​គ្រប​គល់ ដើម្បី​ការពារ​រ​ហួត​ទឹក នៅពេល​ស្ពៃ ដុះ​រឹងមាំ យើង​អាច​ស្រោច​ទឹក បំប៉ន​បន្ថែមទៀត ដើម្បី​ជួយ​ឲ្យ​ការ​ដុះ​លូតលាស់​បានល្អ ។

​ ៦/.ការថែទាំ​

 ការដាំ​ស្ពៃក្ដោប​ត្រូវការ​ថែទាំ​ឲ្យ​បាន​ដិតដល់ ទើប​ទទួលបាន​ផល​ល្អ ការថែទាំ​ទាំង​នៅ​រួមមាន ការ​ស្រោច​ទឹក ធ្វើ​ស្មៅ ដាក់​ជី​បំប៉ន និង​ការ​កំចាត់​សត្វ​ចង្រៃ និង​ជំងឺ ។​​ ការ​ស្រោច​ទឹក​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ ក្នុង​មួយថ្ងៃ ពីរដង​គឺ ព្រឹក និង​ល្ងាច ស្រោច​រហូតដល់​ស្ពៃ​អាយុ​បាន ២​ខែ ទើប​បន្ថយ​ការ​ស្រោច​ទឹក ១ សប្ដាហ៍​ស្រោច​តែ ១​ទៅ ២​ដង​ប៉ុណ្ណោះ​អាស្រ័យ​លើ​អាកាសធាតុ ។ ជាពិសេស​មុន​ប្រមូល​ផល ១ សប្ដាហ៍​ត្រូវ​បញ្ឈប់​ការ​ស្រោច​ទឹក  កាលណា​ផ្ដល់​ទឹក​ឲ្យ​វា​ទៀត ធ្វើ​ឲ្យ​ស្ពៃ​ផ្ទុះ​បែក​ខូច​ក្ដោប។​​ ការធ្វើ​ស្មៅ​ក្រោយពី​ស្ទូង​កូន​បាន ១៥​ថ្ងៃ ត្រូវយក​ចប​ចាក់​លុប​គល់​ស្ពៃ​ការពារ​កុំ​ឲ្យ​ដួលរលំ និង​ធ្វើ​ឲ្យ​ដី​ធូរ​ល្អ ។ ការ​លុប​គល់​ស្ពៃ​លើក​ទី ២ ធ្វើឡើង​នៅពេល​កូន​ស្ពៃ​អាយុ​បាន​១​ខែ​កន្លះ នៅពេលនេះ​យើង​ធ្វើជា​ចង្អូរ​ឲ្យ​ចំពាក់​កណ្ដាល​រង។ ចង្អូរ​នេះ​មាន​ទំហំ​១​ទៅ ១​តឹក​កន្លះ និង​ជំរៅ​១​តឹក ការធ្វើ​បែបនេះ ការពារ​កុំ​ឲ្យ​ទឹក​ដែល​ស្រោច​ទៅ ឬ​ភ្លៀង​ឲ្យ​ហូរ​ចូលក្នុង​ចង្អូរ កុំ​ឲ្យ​ដក់​នៅជាប់​គល់​ស្ពៃ​ធ្វើ​ឲ្យ​រលួយ​ស្ពៃ។​​ ជីក​ចង្អូរ​ពាក់កណ្ដាល​រង​ដើម្បី​ឲ្យ​ទឹក​ដ​ក់​នៅ​ចង្អូរ​រង​។

 ៧/.ការដាក់​ជី​បំប៉ន​
​ក្រោយពី​ការ​ជ្រួយ​គល់​ស្ពៃ​បាន ១ ខែ គាត់​បាន​បន្ថែម​ជី​កំ​ប៉ុ​ស្ត​គោក​នៅ​ជិត​គល់ និង​ជ្រ​យ​យ​ដី​លុប ។ ចំណែក​ជី​កំ​ប៉ុ​ស្ត​ទឹក គាត់​ស្រោច ពី​១ ទៅ ២ សប្ដាហ៍​ម្ដង ទៅតាម​ការលូតលាស់រ​បស់​ដំណាំ ។ ឯ​បរិមាណ​ជី​ស្រោច គឺ​លាយ​ជី ១ ប៉ោត និង​ទឹក ១ ប៉ោត ស្រោច​ឲ្យ ជោគ​លើ​រង ទើប​ស្រោច​ទឹក​លាង​ជី​តាម​ក្រោយ ១​សា​ទៀត ការ​ស្រោច​ជី​ទឹក​នេះ​បន្ត​រហូតដល់​ស្ពៃ​អាយុ ២​ខែ ទើប​ឈប់​ស្រោច ។ ការប្រើ​គំរប​គ្រប​គល់​ធ្វើឡើង​ក្រោយពេល​ការ​លុប​គល់​លើក​ទី ២ ការ​គ្រប់​គល់​គាត់​ប្រើ​កំប្លោក​គ្រប​គល់​នៅលើ​រង ។​

​ ៨/. ​ការប្រមូល​ផល​

 ក្រោយពី​ស្ទូង​កូន​បាន​រយៈពេល​ពី ២ ទៅ ៣ ខែ យើង​អាច​ប្រមូល​ផល​បាន ។ ការប្រមូល​ផល​ត្រូវ​កាត់​ដោយ​កូនកាំបិត ។​

Advertisement