Connect with us

កសិកម្ម

កសិករ នៅស្រុកព្រះនេត្រព្រះប្រឈមមុខ ជំពាក់បំណុលធនាគារ

បច្ចុប្បន្ននេះដោយសារតែមានភាពរាំងស្ងួត ធ្វើឱ្យប្រជាកសិករបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកឯតំបន់ខ្លះទៀតមិនអាចបង្កបង្កើនផលបានដោយសារតែគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ ប្រជាកសិករនៅស្រុកព្រះនេត្រព្រះ បានត្អូញត្អែរពីផលវិបាកធ្វើស្រែប្រាំងអាកាសធាតុរាំងស្ងួត ចំណែកឯប្រឡាយគ្មានទឹកប្រើប្រាស់ បានប្រឈមមុខជំពាក់បំណុលធនាគារកើនឡើងទ្វេដង ​។

លោក ឈឹម ដឹប ឲ្យដឹងថា ស្រូវរបស់កសិករនៅតំបន់ខ្លះនៃស្រុក​ព្រះនេត្រព្រះ គឺកំពុងរងការខូចខាតស្ទើរទាំងស្រុងដោយសារឆ្ងាយពីប្រព័ន្ធប្រឡាយទឹក។ ស្រូវងាប់អស់ហើយ វាប្រឈមនឹងគ្រោះរាំងស្ងួតនៅឆ្នាំនេះ។ ចង់និយាយថា បើតាមខ្ញុំប៉ាន់ប្រមាណនៅទូទាំងខេត្តបន្ទាយមានជ័យ ស្រូវដែលនៅសល់ប្រហែលជា៤០ភាគរយអីទេ ងាប់អស់៦០ភាគរយហើយ។ បើនៅកន្លែងខ្ញុំផ្ទាល់ បើផលត្រូវទទួលបានពីងាប់វិញ ប្រហែល៨០ភាគរយដែរ ដោយខ្ញុំនៅជិតប្រឡាយ។

លោក ហង់ សាវុទ្ធ ឲ្យដឹងថា នៅខេត្តតំបន់ខ្ពង់រាបមួយនេះ គឺប្រជាពលរដ្ឋខ្លះបង្កបង្កើនផលហើយ និងខ្លះទៀតមិនទាន់បានចាប់ផ្តើមបង្កបង្កើនផលនៅឡើយទេដោយសារពុំមានភ្លៀងធ្លាក់។​ កសិករនៅទីនេះ គាត់ធ្វើស្រែតាមយថាកម្ម តាមធម្មជាតិ ពឹងលើទឹកភ្លៀងជាធំ បើអត់ទឹកភ្លៀងគឺអត់ហើយ ដោះស្រាយមិនចេញទេ ហើយមកទល់ពេលភ្លៀងនៅតែអត់ទាន់ធ្លាក់ទៀងទាត់ទៀត។ អីចឹងទេ បញ្ហានេះជាមូលហេតុមួយធ្វើឲ្យប្រជាពលរដ្ឋកំពុងតែប្រឈមកង្វះស្បៀងអាហារសម្រាប់ឆ្នាំក្រោយ ព្រោះអ្នកខ្លះអត់ទាន់បានស្ទូង ឬព្រួសនៅឡើយទេ គាត់រង់ចាំទឹកភ្លៀង។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានជម្រាបថា បញ្ហាគ្រោះរាំងស្ងួតនេះ គឺរដ្ឋាភិបាលពិបាកក្នុងការជួយកសិករបន្តិច ដោយសាររាំងស្ងួតនោះខ្លាំងពេករហូតធ្វើឲ្យប្រឡាយ  និងត្រពាំងបឹងបួមួយចំនួនធ្លាប់មានទឹកបែរជារីងអស់ ប៉ុន្តែ យ៉ាងណា លោកថា ដំណោះស្រាយបញ្ហាចំពោះមុខ គឺក្រសួងបានផ្តល់ពូជជូនពលរដ្ឋសម្រាប់ដាំដុះបន្តរហូតដល់មានទឹកគ្រប់គ្រាន់វិញ។

 ចំពោះបញ្ហាខាងលើ ប្រជាកសិករនៅស្រុកព្រះនេត្រព្រះបានទន្ទឹងរងចាំការដោះស្រាយពីរដ្ឋាភិបាល ដើម្បីរកច្រកចេញពីបំណុលធនាគារ ៕

Advertisement