Connect with us

តារាជាតិ

កាលលោកតា សាឡាត់ នៅមានជីវិត លោកធ្លាប់លើកឡើងពីការព្រួយបារម្ភគ្មាន​អ្នក​បន្ត​វេន​សិល្បៈអាយ៉ៃ!

រាជធានីភ្នំពេញ ៖ នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ នេះលោកតា ម៉ាក កា​ណេន ហៅ( តា​សាឡាត់) បានទទួលមរណភាពហើយដោយរោគាពាធ ខណៈកាលពីលោកនៅមានជន្មាយុលោកធ្លាប់បានបង្ហាញពីការព្រួយបារម្ភគ្មាន​អ្នក​បន្ត​វេន​សិល្បៈអាយ៉ៃពីវីរសិល្បករជំនាន់មុនដែលជាហេតុបង្កការព្រួយបារម្ភជាខ្លាំងផងដែរសម្រាប់វិសស័យសិល្បៈអាយ៉ៃទៅថ្ងៃអនាគត។

លោកតា សាឡាត់​ធ្លាប់បានរម្លឹកពីការ​និយម​មើល​អាយ៉ៃ​ពី​មុន​ថា​ អា​យ៉ៃ​ជា​សិល្បៈ​មួយ​ទួល​បានការ​គាំ​ទ្រ​ពីសំណាក់​មហាជន​ច្រើន ជា​ពិសេស​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​ដែល​មានការ​គាំទ្រ​ខ្លាំង​។ អ្នក​អា​យ៉ៃ​សម្តី​​សំឡេង​ស្អក​រូប​នេះ​ បន្ត​ថា ​កាល​សម័យ​នោះ​​មហា​ជន​ តែង​អញ្ជើញ​ក្រុម​អាយ៉ៃ​ទៅ​សម្តែង ស្ទើរ​គ្មានពេល​ឈប់សម្រាក។ ប៉ុន្តែ​បច្ចុប្បន្ន​​​គេ​មិន​សូវ​និយម​អាយ៉ៃ​ទេ​ បើ​មាន​កម្ម​វិធី​បុណ្យ​ផ្សេងៗ គេ​និយម​ល្ខោន​បាសាក់​ខ្លាំង​ជាង ព្រោះ​ល្ខោន​គេ​​សម្តែង​បាន​មួយ​​យប់​ទល់​ភ្លឺ​ តែអាយ៉ៃ​បាន​ត្រឹម​​កណ្តាល​​អាធ្រាត្រ​ឈប់​បាត់​ទៅ​ហើយ​។

កាលពីលោកតានៅមានជីវិត លោកតាបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ពេលនេះអាយ៉ៃ​មិន​សូវ​បង្ហាញ​វត្តមាន​លើ​ឆាក​ដូច​មុន​ទេ​ ឯ​ការ​បន្ត​ហ្វឹក​ហាត់​ក៏​មិន​មាន​ដែរ ខណៈលោកតាក៏បាន រៀបរាប់ទាំងក្ដីអស់សង្ឃឹមថា៖ «សាលា​ភូមិន្ទ​និង​វិចិត្រ​សិល្បៈ​កាលពីមុនមានវិជ្ជា​ផ្នែក​ចម្រៀង​អាយ៉ៃ​នេះ​ ប៉ុន្តែគ្មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន ខ្ញុំ​ខ្លាច​តែ​បាត់​បង់ទេ​ គឺ​ខ្លាច​ដាច់​ពូជ​តែ​ម្តង​»។​

ទោះបីជាយ៉ាងនេះក្ដី មហាជនហាក់មានការសោកស្តាយចំពោះការបាត់បង់ធនធានមនុស្សរស់តម្លៃដូចជាលោកតា សាឡាត់ជាខ្លាំង ខណៈពេលនេះលោកតាបានលា និងឃ្លាតឆ្ងាយពីប្រជាជនកម្ពុជាទៅជារៀងរហូត ប៉ុន្តែកិត្តិសព្ទ ក៏័ដូចជាកេរ្តិ៍ឈ្មោះរបស់លោកនៅតែបន្តដល់ក្មេងជំនាន់ក្រោយជាដរាប៕

Advertisement