រាជធានីភ្នំពេញ ៖ បើតាមប្រភពព័ត៌មានក្នុងស្រុកមួយបានបញ្ជាក់ថា តារាសម្តែងលោក អេដ វីន ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ។ ចំពោះការឃាត់ខ្លួនតារាសម្តែងប្រុសរូបនេះផងដែរ ក្រោយពេលគេឃើញគូស្នេហ៍ររបស់លោកគឺអ្នកមេម៉ាយរូបស្រស់ នាង សុទ្ធ បញ្ចកា បានបង្ហោះសារឈឺចាប់ពាក់ព័ន្ធនឹងការវាយដំយ៉ាងធ្ងន់ធ្ងរពីសំណាក់លោក អេដវីន មកលើខ្លួន។
យោងតាមប្រភពព័ត៌មានបានបន្ថែមទៀត ក្រោយកើតមានអំពើហិង្សា ជនរងគ្រោះគឺអ្នកនាង សុទ្ធ បញ្ចកា បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបើកការស៊ើបអង្កេត និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនលោក អេដវីន តែម្តងខណៈពេលឃាត់ខ្លួនតារាសម្តែងប្រុសរូបនេះរួចហើយ សមត្ថកិច្ចកងរាជអាវុធហត្ថក៏បានកសាងសំណុំរឿង រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ទៅតាមនីតិវិធី។
ផ្អែកទៅតាមរូបភាពដែលត្រូវបានក្រុមសារព័ត៌មានក្នុងស្រុកថតបាន គេក៏បានកត់សម្គាល់ឃើញថា នៅពេលសមត្ថកិច្ចកងរាជអាវុធហត្ថនាំខ្លួនលោកអេដវីន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ គេបានឃើញគូស្នេហ៍របស់លោកអេដវីដ ក៏បានទៅតាមសុំដកពាក្យបណ្តឹងវិញ ដើម្បីធ្វើយ៉ាងណាបើកផ្លូវឲ្យស្ថាប័នអយ្យការលើកលែងការចោទប្រកាន់ទៅលើលោកគូស្នេហ៍ខ្លួនដើម្បីគេឲ្យមានសេរីភាពបានជួបជុំប្រពន្ធកូនវិញ ខណៈស្នាមជាំនៅមានជាប់ពេញខ្លួនយ៉ាងណាក្តី ក៏អ្នកមេម៉ាយរូបស្រស់នេះមិនដាច់ចិត្តទេ និងថែមទាំងបានទៅតាមយកបាយទឹកឲ្យលោកអេនវីនហូបចុកថែមទៀតផង៕






