រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ នេះអានុិគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសជាសាធារណៈ និងបានធ្វើការសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅចូលរួមកម្មវិធីជប់លៀងនៅ ហាងបារ La Petangue ដែលមានទីតាំងស្ថិតនៅ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ចន្លោះម៉ោង ២១៖០០ ដល់ម៉ោង ១៖៣០ ឈានចូលព្រឹកថ្ងៃទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
ចំពោះមូលហេតុដោយសារមានអ្នកជំងឺកូវីដ១៩ បានទៅចូលរួមក្នុងកម្មវិធីជប់លៀងនៅទីតាំងខាងលើនេះ ដោយមិនបានពាក់ម៉ាស និងបានប៉ះពាល់ជាមួយអ្នកចូលកម្មវិធីនេះដែលមិនបានពាក់ម៉ាសដូចគ្នា ប្រមាណជាង ២០នាក់។
អាជ្ញាធរក៏បានបន្ថែមថាដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ខណៈប្រសិនបើបងប្អូនដែលបានទៅទីតាំងខាងលើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។