រាជធានីភ្នំពេញ ៖ ប្រាកដណាស់ដែលថា មនុស្សមួយចំនួនប្រហែលជាអាចជួបប្រទះរួចមកហើយនូវអារម្មណ៍ខ្ជិល អារម្មណ៍អស់កម្លាំង និងមានអាការៈល្វើយនៅក្នុងខ្លួន ជាហេតុបណ្តាលឲ្យមនុស្សទាំងនោះមិនអាចបំពេញការងារបានល្អ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអាចជួយកាត់បន្ថយភាពខ្ជិលបានយ៉ាងប្រសើរ៖
១. គេងឲ្យបានគ្រប់គ្រាន់ ៖ ពិតណាស់ មនុស្សមួយចំនួនអាចនឹងមើលរំលងអំពីបញ្ហាមួយនេះ ប៉ុន្តែការគេងឲ្យបានគ្រប់គ្រាន់នាពេលយប់ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អនៅពេលដែលចាប់ផ្តើមថ្ងៃថ្មី ពេលនោះអារម្មណ៍ខ្ជិល ឬភាពល្វើយនៅក្នុងខ្លួនក៏នឹងសឹងតែកម្រកើតមានផងដែរ។

២. ចាប់ផ្តើមគិតអំពីសារប្រយោជន៍ពីអ្វីដែលអ្នកកំពុងធ្វើ ៖ អារម្មណ៍គិតពីភាពលំបាក ស្មុគស្មាញនឹងនាំឲ្យអ្នកមានអារម្មណ៍ខ្ជិលធ្វើការកាន់តែខ្លាំង។ ផ្ទុយទៅវិញ ការគិតអំពីប្រយោជន៍នៃការងារ សម្មាធិ តាំងអារម្មណ៍ផ្ដោតលើការងារ នោះអារម្មណ៍ខ្ជិលច្រអូសរបស់អ្នកនឹងបាត់បង់។
៣. ត្រូវផ្ដោតលើកិច្ចការមួយៗ កុំគិតនាំមានបញ្ហាច្រើន ៖ ប្រសិនបើអ្នកមានអារម្មណ៍ថាមានការងារច្រើនត្រូវធ្វើនោះ ភាពខ្ជិលនឹងកើតមានច្រើនទៅតាមនោះដែរ។ ព្យាយាមធ្វើ ផ្ដោតសំខាន់លើការងារមួយៗ នោះអ្នកនឹងជម្នះខ្លួនឯងលើភាពខ្ជិលបាន។
៤. កុំបង្កើតលេស ឬការពន្យារពេល ៖ រំលឹកខ្លួនឯងថា អ្នកអាចធ្វើបានជានិច្ច។ ហេតុអ្វីដែលមិនអាចធ្វើវាក្នុងពេលឥលូវបាន? តើគួរទុកវាជាបញ្ហាក្នុងចិត្តទៀតឬ? ជម្នះអារម្មណ៍ពន្យារពេលកិច្ចការងារ នោះអ្នកនឹងចាកឆ្ងាយពីឬសគល់នៃភាពខ្ជិលច្រអូសលើការងារ។
៥. គួរតែសម្លឹងមើល និងរៀនពីបុគ្គលជោគជ័យជុំវិញអ្នក ៖ ស្វែងយល់ពីបុគ្គលជោគជ័យ ក្នុងពិភពលោកដែលពួកគេទាំងនោះ មិនមានខ្ជិលច្រអូសឡើយក្នុងកិច្ចការងាររបស់ពួកគេ។ អ្នកអាចសម្លឹងមើលការងារអ្នកនៅក្បែរខ្លួនអ្នកក៏បាន ទម្លាប់ធ្វើការងាររបស់បុគ្គលិកឆ្នើមលេចធ្លោក្នុងក្រុមហ៊ុន អ្នកគ្រប់គ្រង ប្រធានក្រុមហ៊ុន។ សកម្មភាពនេះអាចក្លាយជាការជំរុញទឹកចិត្តអ្នកឃ្លាតឆ្ងាយពីទម្លាប់ខ្ជិលក្នុងការងារបាន៕

