Connect with us

តារាជាតិ

មិនរួចខ្លួនទេ ទីបំផុតតារាសម្ដែង អេដវីន ត្រូវតុលាកាសម្រេចដាក់ពន្ធនាគាព្រៃសហើយ

ភ្នំពេញ៖ យោងតាមប្រភពពីទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងមុននេះថា នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារាសម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។

គួរឱ្យដឹងដែរថា លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីនារីរងគ្រោះជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណី អំពើហិង្សាយ៉ាងព្រៃផ្សៃ បង្កឱ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ ស្នាក់នៅ ដែលលំនៅដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់ម្តាយបង្កើតជនរងគ្រោះ។

សូមរំរំឮកថា កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ អ្នកនាង សុទ្ធ បញ្ចកា បានទម្លាយសារ រៀបរាប់ពីសកម្មភាពហិង្សា វាយដំរាយកាយពីសំណាក់លោក អេដវីន ដែលជាគូស្នេហ៍មកលើរូបនាងយ៉ាងព្រៃផ្សៃ ។ មូលហេតុដែរថា អំពើហិង្សាដែលបណ្ដាលឱ្យ នាងរងរបួសពេញរាងកាយនេះ ព្រោះតែលោក អេដវីន បានទៅទាន់នាងកំពុងនៅជាមួយបុរសម្នាក់ ដែលតាមពិតបុរសនោះ គឺជាគ្រូពេទ្យប្រចាំកាយ នាងប៉ុណ្ណោះ ៕

Advertisement