Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន Google និង Ericsson បានចាប់ដៃគ្នាពង្រីកសេវាកម្ម Cloud និងបច្ចេកវិទ្យា 5G ឱ្យកាន់តែអស្ចារ្យ និងពាសពេញពិភពលោក

អន្តរជាតិ៖ ថ្មីៗនេះ ក្រុមហ៊ុន Google បនសហការជាមួយនិងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទូរគមនាគមន៍ដ៏ល្បី និងធំជាងគេលំដាប់ពិភពលោក Ericsson ផ្តល់សេវាកម្ម Cloud ដល់អតិថិជនជាមួយនិងបច្ចេកវិទ្យា 5G ដើម្បីវាយលុកទីផ្សារឲ្យកាន់តែខ្លាំងថែមទៀត ។

បច្ចេកវិទ្យា 5G នៅទីផ្សារអាមេរិក និងអឺរ៉ុបដើមឡើយគឺក្រុមហ៊ុន Huawei ជាអ្នកកាន់កាប់ ប៉ុន្តែក្រោយពីសហរដ្ឋអាមេរិកបានប្រកាស ដាក់ ក្រុមហ៊ុនយក្សចិនមួយនេះចូលក្នុងបញ្ជីខ្មៅ និងបានអំពាវនាវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗឈប់ប្រើប្រាស់សេវាកម្ម និងឧបករណ៍ របស់ Huawei បានក្លាយឱកាសមាសមួយសម្រាប់ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍ផ្សេងៗដូចជា Ericsson និង Nokia ជាដើម។

ក្រុមហ៊ុន Google បានប្រកាសឱ្យដឹងថា ក្រោមកិច្ចសហការថ្មីជាមួយនឹងក្រុមហ៊ុន Ericsson ខ្លួនកាន់តែមានលទ្ធភាពក្នុងការផ្គត់ផ្កង់ សេវាកម្ម Cloud ទៅកាន់អតិថិជន ជាពិសេសគឺសេវាកម្ម Cloud បូករួមនឹងអ៉ីនធើណែតដែលមានល្បឿនលឿន និងអាចប្រើបាន រយៈ ចម្ងាយឆ្ងាយ ដែលវាអាចយកទៅប្រើជាមួយនឹងបច្ចេកវិទ្យាមនុស្សយន្ត ឬឧបករណ៍ចាប់សញ្ញាផ្សេងៗ។

Google និង Ericsson បានលើកឡើងព្រមគ្នាថា ការងាររួមនៅពេលនេះគឺផ្ដល់សេវាកម្ម និងបច្ចេកវិទ្យាដ៏អស្ចារ្យសម្រាប់ តភ្ជាប់ ជាមួយ នឹងរថយន្តសេរីទំនើបៗជំនាន់ថ្មី ដែលនៅពេលនេះមានអតិថិជនរបស់ខ្លួនមួយចំនួនកំពុងតែទន្ធឹងរងចាំការបំពាក់នូវបច្ចេកវិទ្យា និងសេវាកម្មទៅលើរថយន្តរបស់ពួកគេដើម្បីចេញលក់នៅលើទីផ្សារនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ការផ្ដល់សេវាកម្ម Cloud ត្រូវបានគេដឹងថា Amazon បាននាំមុខគេ ខណៈ Google និង Microsoft នៅលេខរៀងបន្ទាប់ ឬឯការផ្គត់ផ្គង់គ្រឿងទូរគមនាគមន៍ Ericsson ស្ថិតនៅលំដាប់កំពូល ប៉ុន្តែ Huawei ជាអ្នកផ្ដោបទីផ្សារ នៅអាស៊ីទាំងមូល ខណៈ Nokia ស្ថិតនៅលេខរៀងទី៣៕

Advertisement