ព័ត៌មានកីឡា
ក្លិបលោក Keisuke Honda តែងតាំងលោក អ៊ុក សុធី ជាគ្រូបង្វឹកថ្មី

ក្លិបបាល់ទាត់សូលទីឡូអង្គរ ដែលមានអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ជាប្រធានក្លិប នៅរសៀលថ្ងៃទី៨ ខែកក្កដានេះ បានប្រកាសលោក អ៊ុក សុធី គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា គឺជាគ្រូបង្វឹកថ្មី ដើម្បីដឹកនាំក្រុមបន្ដក្នុងរដូវកាលឆ្នាំ២០២១ ជំនួសកៅអីគ្រូបង្វឹកសញ្ជាតិអង់គ្លេសលោក Darren Pomroy (Charlie) ដែលត្រូវបានក្លិបប្រកាសចែកផ្លូវគ្នា កាលពីចុងសប្ដាហ៍មុន ។

នេះគឺជាលើកដំបូងហើយ ដែលលោក អ៊ុក សុធី ក្លាយជាគ្រូបង្វឹកក្លិបសមាជិកលីគកំពូលកម្ពុជា ក្រោយចូលនិវត្តន៍ពីអាជីពកីឡាករ កាលពីចុងឆ្នាំ២០១៩ ។ ប៉ុន្ដែមុនត្រូវបានតែងតាំងគ្រូបង្វឹកថ្មីក្លិបសូលទីឡូអង្គរ អតីតកីឡាករក្លិបភ្នំពេញក្រោន ដែលគេឲ្យរហស្សនាមថា “Messi ភ្នំពេញក្រោន” រូបនេះ ក៏បានធ្វើការងារមួយរយៈជាមួយលោក Keisuke Honda ក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2022 នៅប្រទេសបារ៉ែន កាលពីថ្មីៗផងដែរ ។

លោក អ៊ុក សុធី គឺជាអតីតកីឡាករមានបទពិសោធជោគជាំលើទីលានម្នាក់ ក្រោយចំណាយពេលជិត ១ ទសវត្សរ៍ ជាមួយក្លិបភ្នំពេញក្រោន ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ ។ លោកធ្លាប់រួមចំណែកជួយក្រុមសិង្ហក្រហមនេះ គ្រងជើងឯកលីគកំពូលកម្ពុជា ២លើកជាប់គ្នា កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ហើយធ្លាប់ជួយក្រុមឆ្លងចូលវគ្គជម្រុះជុំចុងក្រោយ នៃពានរង្វាន់ AFC President Cup 2012 ទៀតផង ៕

