Connect with us

ព័ត៌មានកីឡា

ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវឲ្យសហព័ន្ធកីឡាជាតិរៀបចំផែនការហ្វឹកហាត់ឲ្យម៉ត់ចត់ ខណៈការពន្យារពេលស៊ីហ្គេមនៅវៀតណាមជាឱកាសល្អ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវឲ្យសហព័ន្ធកីឡាជាតិនានាយកការសម្រេចនៃការពន្យាពេល ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ពីចុងឆ្នាំ២០២១ ទៅ អំឡុងពាក់កណ្តាលឆ្នាំ២០២២ យកទៅធ្វើជាផែនការហ្វឹកហាត់ក្រុមជម្រើសជាតិរបស់ខ្លួនឲ្យបានសស្រាក់សស្រាំ ដោយសារពន្យារពេលស៊ីហ្គេម នៅវៀតណាមនេះគឺជាឱកាសល្អ ដែលកម្ពុជាយើងនៅមានពេលវេលាបន្ថែមទៀត ក្នុងការត្រៀមខ្លួនចូលរួមប្រកួតមេដាយ។May be an image of 6 people, people standing and text that says 'VIETNAM 2021 31st SEA GAMES'
នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្រោយបញ្ចប់កិច្ចប្រជុំអនឡាញជាមួយគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEA Gamse) នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។May be an image of 1 person, sitting and indoor
ឯកឧត្តមបញ្ជាក់ជូនថា ថ្វីដ្បិតតែយើងមានពេលវេលាច្រើនសម្រាប់ការចូលរួមស៊ីហ្គេម នៅប្រទេសវៀតណាម ក៏ពិតមែន ប៉ុន្តែយើងក៏បានបាត់បង់ពេលវេលាច្រើនដែរ ក្នុងការហ្វឹកហាត់ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីសម្រួចគោលដៅប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលជាហ្គេមយុទ្ធសាស្រ្តចុងក្រោយរបស់កម្ពុជា ក្នុងការសម្រួចគោលដៅ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ដូច្នេះហើយការពន្យារពេលស៊ីហ្គេម នៅវៀតណាមទៅឆ្នាំ២០២២ គឺជាឱកាសត្រៀមខ្លួនអភិវឌ្ឍគុណផលកីឡារបស់ក្រុមជម្រើសជាតិកម្ពុជាឲ្យបានគត់មត់ និងកាន់តែល្អប្រសើរបន្ថែមទៀត។May be an image of 1 person and outdoors
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ី ឯកឧត្តមអគ្គលេខាធិការ ក៏បានស្នើសុំដល់សមាជិកនៃកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ សូមឲ្យចូលរួមផ្សព្វផ្សាយ ចូលរួមគាំទ្របន្ថែមទៀតដល់ ស៊ីហ្គេម នៅកម្ពុជា ដែលកម្ពុជានឹងត្រូវបើកយុទ្ធនាការជាតិផ្សព្វផ្សាយពេលឆាប់ឆាប់ខាងមុខនេះ។ ប្រទេសទាំងអស់បានឯកភាព ហើយបានកោតសរសើរ និងបានវាយតម្លៃខ្ពស់ថា កម្ពុជាពិតជាមានជំហរច្បាស់លាស់ និងពិតប្រាកដ នៅក្នុងការត្រៀមធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ហើយប្រទេសទាំងអស់រង់ចាំជួយជ្រោមជ្រែងការផ្សព្វផ្សាយ ក្នុងការបើកយុទ្ធនាការផ្សព្វផ្សាយនេះទាំងអស់គ្នានៅគ្រប់ប្រទេសទាំងអស់។ កម្ពុជាយើងមានមោទនភាពដោយយើងបានធ្វើកិច្ចការនេះមួយជំហានមុន និងមានវិធានការដ៏ច្បាស់លាស់។May be an image of 1 person, standing and text
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងរៀបចំចុងឆ្នាំ២០២១ត្រូវបានពន្យាពេលទៅរៀបចំនាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ដោយគណៈអចិន្ត្រៃយ៍ស៊ីហ្គេមបានឯកភាពគ្នា ក្រោមការសម្របសម្រួល និងសម្រេចចិត្តយ៉ាងផុលផុស ជាពិសេសគឺបានការឯកភាពគ្នាទាំងស្រុងក្នុងការជួយគ្នាទៅវិញទៅមកជួយបន្ធូរបន្ថយស្ថានភាពតានតឹងនៃវិបត្តិជំងឺកូវីដ-១៩នេះ។ ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមនឹងកំណត់ការបរិច្ឆេតច្បាស់លាស់ ឆាប់ៗខាងមុខនេះ ថាតើពីថ្ងៃណាដល់ថ្ងៃណា ក្នុងចន្លោះខែមេសា ដល់ខែឧសភា ក្នុងឆ្នាំ២០២២ ជូនក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្រោយដាក់សំណើរនេះជូនដល់រដ្ឋាភិបាលរបស់ខ្លួន៕
ប្រភព:CAMBODIA SEA GAMES 2023

Advertisement