Connect with us

តារាជាតិ

មិនធម្មតា! ស្ងាត់ៗ តារាចម្រៀង យក់ ថិតរដ្ឋា និងស្វាមី បោះទុនរាប់លានដុល្លារ បើកការដ្ឋានសាងសង់បុរី លក់ផ្ទាល់ខ្លួន

ភ្នំពេញ៖ អ្នកនាង យក់ ថិតរដ្ឋា ត្បិតតែបច្ចុប្បន្នការងារសិល្បៈហាក់មិនសូវសមប្រកប ប៉ុន្តែការងាររកស៊ី ជំនួញជួញដូរ មានការរីកចម្រើនខ្លាំង បើទោះបីជាធ្លាប់រអាក់រអួលបន្តិចបន្តួចដោយសារតែវិបត្តិជំងឺកូវីដ១៩ ។

តារាចម្រៀងស្រី ដែលធ្លាប់ល្បីល្បាញខ្លាំងកាលពីនៅជ្រកក្រោមទ្រនំផលិតកម្ម SSB ខាងលើ ត្រូវបានគេដឹងយ៉ាងច្បាស់ថា នាង រួមទាំងលោក ឃុំ ប៉ុណ្ណាដែត ដែលជាស្វាមី កំពុងជោគជ័យលើវិស័យអចលនទ្រព្យ ។ ហើយកាលពីពេលថ្មីៗនេះ យក់ ថិតរដ្ឋា បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញនាង បើកការរដ្ឋានសាងសង់បុរីលំនៅដ្ឋានធំមួយ មានទីតាំងស្ថិតនៅលើទឹកដីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

គម្រោងបុរី របស់ម្ចាស់បទ «គ្មានអ្នកជូតទឹកភ្នែក» រួមជាមួយស្វាមី នេះដែរ មានឈ្មោះថា “បុរី យក់ ថិតរដ្ឋា” ទើបតែបានធ្វើពិធីក្រុងពាលី កាលពីព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រោមវត្តមានចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងដៃគូសហការ មួយចំនួន ។

គួរឱ្យដឹងថា ក្រោយពីប្ដីប្រពន្ធមួយគូខាងលើ គឺ លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា បានដឹកដៃគ្នាចេញពីផលិតកម្ម SSB ហើយនោះ ពួកគេមិនមានបទចម្រៀងមួយបទណាផ្ទុះឡើយ ។ រហូតដល់លោក ឃុំ ប៉ុណ្ណាដែត សម្រេចចិត្តឈប់ពីសិល្បៈ ហើយបានបោះជំហ៊ានចូលក្នុងវិស័យរកស៊ីផ្នែកដីឡូតិ៍ និងលក់ផ្ទះល្វែង ខណៈដែលអ្នកនាង យក់ ថិតរដ្ឋា នៅតែរក្សាអាជីពជាតារាចម្រៀងដដែល រហូតដល់បច្ចុប្បន្ន ។

យ៉ាងណាក៏ដោយ ពួកគេទាំងពីរនាក់ប្ដីប្រពន្ធ ក៏នៅតែចាត់ទុកវិស័យរកស៊ីអចលនទ្រព្យ ជាមុខរបរស្នូលសម្រាប់គ្រួសារ ដោយវិស័យនេះ បានជួយឱ្យពួកគេមានជីវភាពរីកចម្រើនខ្លាំង បន្សល់ឱ្យមានទ្រព្យសម្បត្តិជាច្រើន ដូចជាផ្ទះវីឡា និងរថយន្តទំនើបៗ ជិះដូរស៊េរីជាហូរហែរ៕

Advertisement