ព័ត៌មានកីឡា
ឯកឧត្តម វ៉ាត់ ចំរើន៖ អត្តពលិកកម្ពុជា ចូលរួមប្រកួតអូឡាំពិក ដោយមោទនភាព ដើម្បីទង់ជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ

ប្រតិភូ និងអត្តពិកអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ បានធ្វើដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុនហើយ ដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ (Tokyo Olympic Game 2020) ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្ម ។
ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនចាកចេញពីមាតុភូមិថា បេសកកម្មនេះ គឺជាមោទនភាពរបស់ប្រតិភូ និងកីឡាករ-កីឡាការិនី ដែលត្រូវបានជ្រើសរើសចូលរួមព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ ពិសេសឯកឧត្តមបានថ្លែងអំណរគុណជាថ្មី ចំពោះឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាឯកឧត្តម អ៊ុក សិទ្ធិជាតិ ដែលបានរៀបចំកម្មវិធីជួបសំណេះសំណាល ជូនដំណើរ និងលើកទឹកចិត្តដល់ប្រតិភូ និងអត្តពលិកកម្ពុជា កាលពីម្សិលមិញ ។
គួរដឹងថា បេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ របស់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា គឺមានសមាជិក ៨នាក់ រួមមានឯកឧត្តម វ៉ាត់ ចំរើន ជានាយបេសកកម្ម, លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម, លោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី រួមជាមួយគ្រូបង្វឹក ២រូប និងកីឡាករ-កីឡាការិនី ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ៕
ប្រភព: CAMBODIA SEA GAMES 2023
