ព័ត៌មានជាតិ
សត្វក្រៀលនិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ មនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះ កំពុងមានចំនួនធ្លាក់ចុះនៅលើពិភពលោក

សត្វក្រៀលគឺជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ហើយអាចហើរបាន ត្រូវបានរកឃើញថាមាននិន្នាការធ្លាក់ចុះខ្លាំង ក្នុងនោះសត្វក្រៀលនៅកម្ពុជាក៏មានចំនួនធ្លាក់ចុះដែរ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើមដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀលនិងសត្វស្លាបផ្សេងៗទៀត។ ជាទូទៅ សត្វក្រៀលមានកម្ពស់ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរ ឬក្រាបស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀកមានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ គេពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬញី នៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាង អាឈ្មោលបន្តិច ហើយពេលដែលវាស្រែករកគ្នាជាគូ អាឈ្មោលធ្វើការបើកស្លាបឡើងលើ។ សត្វក្រៀលត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះនៅក្នុងបញ្ជី ក្រហម IUCN។
យោងតាមទិន្នន័យសិក្សាដោយអ្នកជំនាញ ចំនួនសត្វក្រៀល នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ មានចំនួនចន្លោះពី ១៣.០០០ ទៅ១៥.០០០ ក្បាលដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ប្រទេសអូស្ត្រាលី ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា។
ប្រភព: ក្រសួងបរិស្ថាន
