Connect with us

ព័ត៌មានអន្តរជាតិ

អាសូរនាងណាស់! មានផ្ទៃពោះមុនរៀបការ ឪពុកម្ដាយខាងប្រុសមើលងាយ ជេរស្ដី រហូតនាងទ្រាំលែងបាន សុខចិត្តរត់ចោលរោងការទាំងអាម៉ាស

វៀតណាម៖ ថ្ងៃអាពាហ៍ពិពាហ៍គឺជាថ្ងៃដ៏មានសិរីសួស្ដី សប្បាយរីករាយបំផុតនៅក្នុងឆាកជីវិតមនុស្សម្នាក់ៗ ចម្លែកតែថ្ងៃអាពាហ៍ពិពាហ៍នេះ ក្លាយជាថ្ងៃដ៏ឈឺចាប់បំផុតសម្រាប់ស្ត្រីវ័យក្មេងជនជាតិវៀតណាមម្នាក់ រហូតដល់នាងមិនអាចស៊ូទ្រាំបាន ហើយចាកចេញពីពិធីទាំងដែលមិនទាន់បានចប់ស្រួលបួលនៅឡើយ ។ 

ស្ត្រីខាងលើដែលមានឈ្មោះថា Nguyen Quynh N រស់នៅខេត្ត Binh Phuoc បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសវៀតណាមជាច្រើននាក់អាណិតអាសូរជាពន់ពេក ព្រមទាំងគាំទ្រនាងដែលនាងហ៊ានរត់ចោលរោងការទាំងដែលពិធីមិនទាន់បានចប់សព្វគ្រប់ស្រួលបួលនៅឡើយ ហើយដើមហេតុនៃរឿងនេះ គឺមានខ្លឹមសារដូចខាងក្រោម៖

 Nguyen Quynh N និងប្ដីរបស់នាងដែលមានឈ្មោះថា T បានស្រឡាញ់គ្នាមួយរយៈធំ រហូតធ្វើឲ្យមានផ្ទៃពោះមុនរៀបការ ហើយរឿងនេះហើយ ដែលធ្វើឲ្យក្រុមគ្រួសាររបស់នាងរងនូវភាពអាម៉ាសយ៉ាងខ្លាំង ខណៈដែលក្រុមគ្រួសារប្ដីរបស់នាងមិនពេញចិត្ត ព្រមទាំងមើលងាយនាងយ៉ាងខ្លាំង ។ 

ដោយសារតែមិនមានជម្រើសនាង Nguyen Quynh N  យល់ព្រមគ្រប់យ៉ាងទៅតាមសំណើរបស់ក្រុមគ្រួសារខាងប្ដីនាង ដែលសុំធ្វើយ៉ាងណាឲ្យតែនាងបានរៀបការ កុំឲ្យខ្មាសគេ ដូច្នេះមុនរៀបការនាងក៏ត្រូវបានគ្រួសារខាងប្ដីយកទៅរស់នៅជាមួយ ហើយខណៈពេលដែលទៅរស់នៅលើផ្ទះខាងប្រុសមុនរៀបការនេះ នាងបានរងនូវពាក្យសម្ដីមាក់ងាយយ៉ាងខ្លាំង តែនាងនៅតែស៊ូទ្រាំ ខាំមាត់សង្កត់ចិត្ត រហូតដល់ថ្ងៃរៀបការមកដល់ ។ 

នៅថ្ងៃរៀបការ ថ្ងៃទី ១៥ ខែកញ្ញា កន្លងទៅថ្មីៗនេះ អ្វីដែល Nguyen Quynh N ឈឺចាប់ខ្លាំងបំផុតនោះ គឺពេលដែលឪពុកម្ដាយបង្កើតរបស់នាងមកពីឆ្ងាយ ដើម្បីចូលរួមឲ្យពរជ័យដល់កូន តែបែជាសាច់ញាតិខាងប្ដីមិនស្វាគមន៍ឡើយ ហើយសូម្បីតែពេលដែលគេតម្រូវឲ្យឪពុកម្ដាយទាំងសងខាងឡើងលើឆាកដើម្បីថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស ក៏ឪពុកម្ដាយខាងប្រុសមិនអនុញ្ញាត្តិឲ្យឪពុកម្ដាយខាងនាង ឡើងដែរ ពោលគឺពួកគាត់បានត្រឹមតែឈរស្រក់ទឹកភ្នែកមើលកូនពីចម្ងាយតែប៉ុណ្ណោះ ។ 

ដោយសារតែការឈឺចាប់ទាំងនេះ Nguyen Quynh N ក៏សម្រេចចិត្តរត់ចោលរោងការ ទៅស្រុកកំណើតតាមឪពុកម្ដាយរបស់នាងភ្លាមៗតែម្ដង ហើយចុងក្រោយអ្វីដែលនាងកាន់តែអាម៉ាស់ទៀតនោះ គឺក្រុមគ្រួសារខាងប្ដីរបស់នាងបានមករាំងស្ទះផ្លូវ ហើយស្រែកជេរ ព្រមទាំងទាមទារគ្រឿងអលង្ការដែលនៅលើខ្លួនរបស់នាងពាក់ក្នុងពិធីមង្គលការមានដូចជា ខ្សែកមួយខ្សែ និងក្រវិល មួយគូ យកទៅវិញទាំងអស់ ។ 

សូមបញ្ជាក់ថា ក្រោយពេលដែល Nguyen Quynh N ទម្លាយរឿងរាវខាងលើនៅលើគណនីហ្វេសប៊ុករបស់នាងហើយ មានមនុស្សជាច្រើនបញ្ចេញអារម្មណ៍អាណិតនាងយ៉ាងខ្លាំង រហូតក្លាយជាប្រធានបទក្ដៅគគុកមួយនៅក្នុងប្រទេសវៀតណាម ៕

សហការី KBN

ប្រភព៖ vietbao

Advertisement