ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដែលក្រុមហ៊ុនគ្រីសអែននីជី (KrisEnergy) របស់ប្រទេសសិង្ហបុរី បានធ្វើការចុះកិច្ចសន្យាសាងសង់ផ្លាតហ្វមបូមប្រេង សម្រាប់តំបន់ប្រេងអប្សរា។ ហើយការបូមប្រេងនេះ នឹងចាប់ផ្តើមនៅឆមាសទី១ ឆ្នាំ២០២០ដែលខិតជិតមកដល់ នាពេលខាងមុខនេះ។
នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនបានអោយដឹងថា “ប្រេងពីតំបន់អប្សរាត្រូវបានគ្រោងនឹងផលិតក្នុងឆមាសទី១ ឆ្នាំ២០២០ ហើយតំបន់នេះត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត៧៥០០បារ៉ែលក្នុង១ថ្ងៃ”។
ហើយបើតាមរយៈឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ បានបញ្ជាក់បន្ថែមថា “ទន្ទឹមនឹងច្បាប់ប្រេងកាត ដែលទើបបានអនុម័ត និងដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ យើងមានគម្រោងប្រេងកាតប្លុក (A) ដែលវិនិយោគដោយក្រុមហ៊ុនគ្រីសអែននីជី (KrisEnergy) មកពីប្រទេសសិង្ហបុរី កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងផលិតកម្ម។ តាមផែនការរបស់ក្រុមហ៊ុន កម្ពុជានឹងផលិតដំណក់ប្រេងទីមួយរបស់យើង ក្នុងពេលដ៏ខ្លីខាងមុខនេះ”៕
