Connect with us

កសិកម្ម

អោយតែឮក្រឡានមកពីខេត្តនៅទិសពាយ័ព្យ នរណាក៏លាន់មាត់ថាឆ្ងាញ់ដែរ

អាជីវករលក់ក្រឡាន តាមដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រឃុំខ្ចាស់ ស្រុកសូទ្រនិគម និងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង មានការគាំទ្រច្រើនពីសំណាក់ពីសំណាក់ភ្ញៀវទេសចរ ដោយឈប់រថយន្តចុះទិញជាហូរហែ។

អ្នកស្រី អ៊ី លី រស់នៅឃុំត្រពាំងធំ ស្រុកប្រាសាទ បាគង បានឱ្យដឹងថា ក្រឡាន ជាអាហារបស់ខ្មែរយើង ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយអ្នកស្រីបានចាប់យកមុខរបរធ្វើក្រឡានលក់អស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយចេះបន្តមកពីម្តាយរបស់អ្នកស្រី។ អ្នកស្រីបញ្ជាក់ថា ជារៀងរាល់ព្រឹកអ្នកស្រីត្រូវក្រោកតាំងពីម៉ោង ៤ព្រឹក ដើម្បីរៀបចំលាយអង្ករជាមួយគ្រឿងផ្សំផ្សេងៗ រួចច្រកចូលទៅក្នុងបំពងឫស្សីដែលបានបិតរួចយ៉ាងស្អាត បន្ទាប់យកមកដុតរយៈពេលប្រហែល១ម៉ោងទើបក្រឡានឆ្អិនល្អ អាចទទួលទានបាន និងមានរសជាតិឈ្ងុញឆ្ងាញ់។

អ្នកស្រីបន្តថា ក្រឡានរបស់បងប្អូនដែលលក់នៅជាប់ផ្លូវ ជាតិលេខ៦ ចាប់ពីឃុំខ្ចាស់ ស្រុកសូទ្រនិគម រហូតដល់ឃុំត្រពាំងធំស្រុកប្រាសាទបាគង មានការគាំទ្រពីអតិថិជនមកពីគ្រប់ទិសទី ដែលធ្វើដំណើរឆ្លងកាត់មកខេត្តសៀមរាប។ នៅថ្ងៃធម្មតាក្នុងមួយថ្ងៃ តូបអ្នកស្រី អាចលក់ក្រឡានបានជាមធ្យមចំនួន១៣០ដើម និងថ្ងៃឈប់សម្រាកអាចលក់បានច្រើនជាងនេះ ដោយក្រឡានមួយៗមានតម្លៃចាប់ពី១៥០០ រៀលឡើងទៅ តាមទំហំតូចឬធំ។

មួយថ្ងៃយើងដុត ១៣០ដើម លក់ធម្មតា បើដូចថ្ងៃអាទិត្យយើងដុតច្រើន ធ្វើ ខ្លួនឯងរួចច្រកយកមកលក់ មានអង្ករដំណើប មានសណ្តែក យើងដាក់អំបិល ស្ករ ដូងទៅដាក់លាយគ្នា រួចច្រកដាក់ដុត មានអាតូចតម្លៃ១៥០០រៀល ២០០០ រៀល ៣០០០រៀល និង ៣៥០០រៀល ខ្ញុំសំណូមពរឱ្យបងប្អូនជួយទិញឱ្យបានច្រើនៗលក់ដាច់អស់រាល់ថ្ងៃ។ សូមជម្រាបផងដែរថា ក្រឡាន គឺជាអាហារម្យ៉ាង ដែលផ្សំឡើងពីអង្ករដំណើប ខ្ទិះដូង សណ្តែក និងគ្រឿងផ្សំមួយចំនួនទៀត ច្រកចូលបំពង់ឫស្សីស្រស់ រួចយកមកដុតឱ្យឆ្អិនល្អ ដែលប្រជាពល រដ្ឋទូទៅបានស្គាល់និងពេញ និយមទទួលទាន៕

Advertisement