Connect with us

កសិកម្ម

ស្រួលដាំ! ហុចផលមកវិញឆាប់រហ័សហើយប្រមូលផលបានយូរអង្វែង

ប្រជាកសិកររស់នៅក្នុងខេត្តសៀមរាប កាន់តែមានទំនុកចិត្តក្នុងការដាំដុះដំណាំកាកាវ ដើម្បីលើកកម្ពស់ជីវភាព ព្រោះងាយស្រួលដាំ ថែទាំ ជាពិសេស ទីផ្សារលក់ចេញល្អប្រសើរ។

លោកផន សុភី រស់នៅសង្កាត់ ទឹកវិល ក្រុងសៀមរាប បានឱ្យដឹងថា លោកបានចាប់ផ្តើមការងារដាំដុះដំណាំកាកាវរយៈ ពេល២ឆ្នាំមកហើយ តាមរយៈការចុះកិច្ចសន្យាដាំដុះជាមួយក្រុមហ៊ុនមួយ ដែលប្រមូលទិញវិញនូវផ្លែកាកាវ ដែលលោក និងកសិករដទៃទៀតប្រមូលផលបាន ក្នុងតម្លៃមួយច្បាស់លាស់។

កសិករ ផន សុភី បានដាំដំណាំកាកាវនេះចំនួន២០០ដើម លើទំហំផ្ទៃដីជិត២០០០ម៉ែត្រក្រឡា ដោយបច្ចុប្បន្នអាចប្រមូលផល បានហើយ ដោយក្នុងមួយសប្តាហ៍អាចប្រមូលផលបានពី៤០ទៅ៥០គីឡូក្រាមដើម្បីលក់ឱ្យក្រុមហ៊ុនប្រមូលទិញ យកទៅកែច្នៃសម្រាប់នាំចេញ។

លោកបន្តទៀតថា កាកាវជាដំណាំមួយប្រភេទ ដែលដាំដុះមិនរើសដី ងាយស្រួលដាំនិងថែទាំ ជាពិសេសមិនចាំបាច់ចំណាយប្រាក់ទៅលើថ្នាំគីមីឡើយ ព្រោះដំណាំប្រភេទនេះប្រើប្រាស់តែជីធម្មជាតិប៉ុណ្ណោះ ហើយមានអាយុកាលប្រមូលផល បានរហូតដល់ទៅ៦០ឆ្នាំឡើង។

កសិករខាងលើក៏បានសង្កត់ធ្ងន់ទៀតថា “ពេលយើងប្រមូលផលវាពិសេសមែនទែន គ្រប់អាយុផ្លែផ្កា គឺវាចាប់ផ្តើមផ្លែពីដើមដល់មែកច្រើន ក្នុងមួយសប្តាហ៍អាចបេះបានម្តង ដោយសារវាទុំឆ្លាស់គ្នា ក្នុងមួយសប្តាហ៍ខ្ញុំបេះបានពី៤០គីឡូទៅ៥០គីឡូ ដោយយើងមិនចាំបាច់ចំណាយលុយបាញ់ថ្នាំជួយដើម ជួយផ្កា ជួយមែក ដូចដំណាំផ្សេងៗ យើងអត់ចាយលុយ លើការថែទាំលើថ្នាំគីមី យើងគ្រាន់តែដាក់ជីធម្មជាតិ និងដាក់ទឹក គឺយើងបានលុយរាល់សប្តាហ៍។”

សូមជម្រាបផងដែរថា កាកាវជារុក្ខជាតិដែលផ្តល់នូវគ្រាប់ គេយកគ្រាប់វាទៅចម្រាញ់ជាម្សៅ។ ម្សៅកាកាវនេះ ជាគ្រឿងផ្សំដ៏សំខាន់ក្នុងការ ផលិតជាសូកូឡា ដែលលក់នៅក្នុងទីផ្សារ ។ម្សៅកាកាវនេះផងដែរ វាបានពីការយកគ្រាប់ កាកាវ ទៅចម្រាញ់ ដោយដកយកសារធាតុខ្លាញ់ចេញ។ ដំណាំកាកាវ អាចយកទៅផលិតកែច្នៃបាន ប្រមាណ២ពាន់មុខ ដូចជាគ្រឿងបរិភោគ ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម៕

ប្រភព: ក្រសួងព័ត៌មាន

Advertisement