រដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានប្រាថ្នាថាបានទទួលទានមុខម្ហូបខ្មែររសជាតិដើម កំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងសារជូនចំពោះប្រជាជនកម្ពុជាចំពោះប្រជាជនកម្ពុជាតាមរយ:ស្ថានទូតជប៉ុន ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានលើកឡើងថា”កន្លងមក នៅក្នុងប្រទេសជប៉ុនខ្ញុំ គឺជាអ្នកគាំទ្រនូវរាល់មុខម្ហូបជាញញឹកញាប់ ខណ:ពេលនេះក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមជារដ្ឋមន្រ្តីការបរទេស ខ្ញុំប្រាថ្នាថានឹងបានទទួលទានមុខម្ហូបខ្មែររសជាតិដើម។ ពេលនេះខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក។”
គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរទស្សនកិច្ចនេះ ជប៉ុមានបំណងរឹតបន្តឹងឲ្យកាន់តែរឹងមាំនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា ពិសេសឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា នឹងជួបពិភាក្សាជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីវិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែស្នូលរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ក៏ដូចជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែលពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានផងដែរ៕
ប្រភព: ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា