Connect with us

ព័ត៌មានជាតិ

ការបើកបង្រៀនដេប៉ាតេម៉ង់ភាសាវៀតណាម គឺជាការលើកម្ពស់ការរៀន និងបង្រៀននៅកម្រិតឧត្តមសិក្សា

រាជធានីភ្នំពេញ៖ ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការនិងជាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា ការបើកបង្រៀនដេប៉ាតេម៉ង់ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាការលើកកម្ពស់ការរៀន និងបង្រៀននៅកម្រិតឧត្តមសិក្សា និងទិដ្ឋភាពជាក់ស្ដែង។

តាមការគ្រោងបើកបង្រៀនដេប៉ាតេម៉ង់ភាសាបរទេសនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែបន្ត ខណៈដែលសាកលវិទ្យាល័យ មានដេប៉ាតេម៉ង់ច្រើន ដូចជាបរិញ្ញាបត្រភាសាអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ និងភាសាថៃ ដែលជាបរិញ្ញាបត្រភាសាមានស្រាប់រួចទៅហើយ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ជាគម្រោងថ្មីមួយ ដេប៉ាតេម៉ង់សិក្សាភាសាវៀតណាម គ្រោងផ្ដល់ការសិក្សា លើបរិញ្ញាបត្រ ជំនាញចំនួន ៣ ដែលកំពុងមានតម្រូវការទីផ្សារ។ « អ៊ីចឹងខ្ញុំបាទសូមអនុញ្ញាតគូសបញ្ជាក់បន្ថែមដែរថា កម្ពុជា-វៀតណាម គឺធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងវិស័យអប់រំកម្រិតឧត្តមសិក្សា ដូចជាកិច្ចសហប្រតិបត្តិការដែលក្រសួង អប់រំ យុវជន និងកីឡា មានជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានបន្ត កំពុងកើតមាន ដើម្បីចូលរួមលើកកម្ពស់ ការអប់រំ យុវជននិងកីឡា ទៅតាមទិដ្ឋភាពជាក់ស្តែង ហើយនៅក្នុងករណីនេះទាក់ទងទៅនឹង ការអប់រំនៅកម្រិត ឧត្តមសិក្សា ។ អ៊ីចឹងគោលបំណងនៃកិច្ចសហប្រតិបត្តិការនេះ គឺដូចខ្ញុំជម្រាបជូនអ៊ីចឹង គឺដើម្បីពង្រឹង ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការវិស័យ អប់រំឧត្តមសិក្សានៃប្រទេសកម្ពុជានិងវៀតណាម ដែលទាក់ទង ទៅនឹងកិច្ចព្រមព្រៀងមានតាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥ នេះគឺជាកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-វៀតណាម វិស័យអប់រំកម្រិតឧត្តមសិក្សា ដែលមានជាធរមាន ដូចជាមួយបណ្តាប្រទេសទាំងអស់ ដែល ក្រសួង អប់រំ យុវជននិងកីឡា បាននិងកំពុងបន្តសហការ ដើម្បីលើកកម្ពស់ កិច្ចខិតខំប្រឹងប្រែងដែល មានស្រាប់ ទាក់ទងគុណភាព អប់រំ យុវជននិងកីឡា » ។

សូមបញ្ជាក់ថា ជំនាញទាំង ៣ ដេប៉ាតេម៉ង់ថ្មីនៅសាកលវិទ្យាល័យភ្នំពេញ រួមមានទី១ មុខវិជ្ជាសិក្សា វៀតណាម បរិញ្ញាបត្រសិល្បៈ សិក្សាវៀតណាម ទី២ មុខជំនាញការបកប្រែភាសាវៀតណាម បរិញ្ញាបត្រសិល្បៈភាសាវៀតណាមសម្រាប់ការបកប្រែ និងទី៣ មុខជំនាញភាសាវៀតណាម សម្រាប់ ទំនាក់ទំនងធុរកិច្ច បណ្ដុះបណ្ដាល កម្រិតបរិញ្ញាបត្រភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច៕

ប្រភព: ក្រសួងព័ត៌មាន

Advertisement