Connect with us

ព័ត៌មានជាតិ

ត្រៀម​អាវ​រងា​អោយ​ហើយ​!! សីតុណ្ហភាព​អាច​ចុះ​ត្រជាក់​ដល់ ១៦°C

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​នៅ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧ​តិ​និយម ស្តី​អំពី ស្ថានភាព​អាកាសធាតុ នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៩​នេះ បានអោយ​ដឹង​ថា​៖

បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ និង​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​ជា​ប្រចាំ​ទាំង​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុជា ក្រសួង​សូម​ជូនដំណឹង ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ដោយសារ​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន គួប​ផ្សំ​នឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង បាន និង​កំពុង​មាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​មក​លើ​កម្ពុជា​។

ស្ថានភាព​អាកាសធាតុ​បែប​នេះ នឹង​ធ្វើ​ឲ្យ​បណ្តា​រាជធានី​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ចុះ​ត្រជាក់​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី ៥-៩ ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​នោះ​មាន​៖

១៖ ខេត្តឧត្តរមានជ័យ ព្រះ​វិហារ ប៉ៃលិន ស្ទឹង​ត្រែង រតនគិរី និង​មណ្ឌលគិរី សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៨°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៥-២៧°C​។

២៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ធំ ក្រចេះ និង​ខេត្តកោះកុង សីតុណ្ហភាព​អប្បបរមា​មាន​ពី ១៨-២០°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៦-២៨°C ។

៣៖ រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ខេត្តស្វាយរៀង សីតុណ្ហភាព​អប្បបរមា​មាន​ពី ២១-២៣°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨°C ។

៤- ខេត្តតាកែវ កែប កំពត និង​ខេត្ត​ព្រះ​សីហ​នុ​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២-២៤°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩°C ។

យោង​លើ​ស្ថានភាព​ធាតុអាកាស​នេះ ក្រសួង​ធនធានទឹក អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​វីរ​កងទ័ព​ដែល​ឈរជើង នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន សូម​មេត្តា​ប្រុង​ប្រយ័ត្ន បង្ការ និង​ថែរក្សា​សុខភាព​ពី​ធាតុអាកាស​ចុះ​ត្រជាក់​នេះ​៕

Advertisement