Connect with us

ព័ត៌មានជាតិ

ក្រសួង​ទេ​ចរណ៍ ចាត់វិធានការ​ប្តឹង​ទៅ​ក្រុមហ៊ុន Google និង Facebook ចំពោះ​វី​ដេ​អូ​បុរស​ម្នាក់​ដែល​បង្ហាញ​មិន​អោយ​គេ​មក​លេង​ប្រទេស​កម្ពុជា

ភ្នំពេញ​៖ ក្រោយ​វី​ដេ​អូ​របស់​ជនបរទេស​ម្នាក់​បាន​បង្ហោះ​ចូល ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា YouTube ដោយ​ដាក់​ចំណងជើង​ថា “Do not go to Cambodia” ដែល​មាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ថា “​មិន​គួរ​មក​ប្រទេស​កម្ពុជា​”​។ វី​ដេ​អូ​មួយ​នេះ​ត្រូវ​ប្រជាជន​កម្ពុជា​រិះគន់​យ៉ាង​ចាស់ដៃ ហើយ​នៅ​ពេល​ក្រសួងទេសចរណ៍​បាន​ធ្វើការ​រៀបចំ​ដាក់​ប្តឹង​ទៅ កាន់​ក្រុមហ៊ុន Google និង Facebook អោយ​ចាត់វិធានការ​ចំពោះ​វី​ដេ​អូ​នេះ​ផង​ដែរ​។

ក្នុង​នោះ​ក្រសួង​ក៏​បាន​បញ្ជាក់​នៅ​ក្នុង​បណ្តាញ​សង្គម​ថា “​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ជនបរទេស ដែល​ថត​វី​ដេ​អូ​បង្ហោះ​បំភ័យ​ភ្ញៀវ​ទេសចរ​មិន​ឲ្យ​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់​ពី​មាន​បុរស​ជនជាតិ​បរទេស ដែល​បាន​បង្ហោះ​វី​ដេ​អូ​ឲ្យ​ភ្ញៀវ​បរទេស មក​លេង​កម្ពុជា ដែល​ប៉ះពាល់​កិត្តិយស និង​គោលដៅ​ទេសចរណ៍​កម្ពុជា ក្រសួងទេសចរណ៍​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង​ក្រុម​មេធាវី​ផង​ដែរ ដើម្បី​រក​វិធី​ចាត់ការ​ចំពោះ​ជនបរទេស​ដ៏​គម្រក់​ម្នាក់​នោះ​។

ក្រៅពី​ចាត់វិធានការ​លើ​ជនបរទេស​រូប​នោះ ក្រសួងទេសចរណ៍ គ្រោង​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Facebook ដើម្បី​ស្នើ​សុំ​ឲ្យ​លុប​វិ​ដេ​អូ​នោះ​ចោល​។ លោក​រដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ក្រសួងទេសចរណ៍​បាន​សម្រេច​ស្នើ ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​បិទ​ទិដ្ឋាការ​ជនបរទេស​រូប​នោះ មិន​ឲ្យ​ចូល​មក​កម្ពុជា​ជា​អចិន្ត្រៃយ៍​តែ​ម្តង ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ឯកភាព​តាម​សំណើ​របស់​ក្រសួង​ហើយ​។

មួយវិញទៀត ក្រសួងទេសចរណ៍​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រុមហ៊ុន Google និង Facebook ដើម្បី​ស្នើ​សុំ​ឲ្យ​លុប​វី​ដេ​អូ​ដែល​ជនបរទេស​រូប​នោះ​បាន​បង្ហោះ​។ លោក ថោ​ង ខុន បាន​បញ្ជាក់​ថា ចំពោះ​វី​ដេ​អូ​របស់​ជនបរទេស​រូប​នោះ ក្រសួងទេសចរណ៍​នឹង​រៀបចំ​សំណើ ទៅ​កាន់​ក្រសួងការបរទេស និង​កិច្ច​ហស​ប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ចាត់ការ​លើ​ជនបរទេស​ដ៏​គំរក់​រូប​នោះ​បន្ថែម​ទៀត​»​។
សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ជនបរទេស​ម្នាក់ ដែល​អះអាង​ថា ជា​ជនជាតិ​អ៊ី​រ៉​ង់ រស់នៅ​ប្រទេស​ហូ​ឡង់ មាន YouTube ឈ្មោះ​ថា «James FT» បាន​ថត​វី​ដេ​អូ​នៅ​កន្លែង​មួយ​ចំនួន​របស់​កម្ពុជា បង្ហោះ​ក្នុង​ន័យ​បំភ័យ​ភ្ញៀវ​ទេសចរ មិន​ឲ្យ​មក​លេង​កម្ពុជា ដោយ​រូបគេ​ក៏​បាន​និយាយ​ក្នុង​វី​ដេ​អូ​នោះ ពាក់ព័ន្ធ​នឹង​កិ​តិ្ត​យស និង​គោលដៅ​ទេសចរណ៍ កម្ពុជា ។

បន្ទាប់​ពី​មានការ​បង្ហោះ​នេះ ទាំង​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍ មន្ត្រី​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ បាន​ប្រតិកម្ម​ថ្កោលទោស ចំពោះ​ទ​ង្វើ​ដ៏​គម្រក់​នេះ និង​ស្នើ​ឲ្យ​សមត្ថកិច្ច ចាត់វិធានការ​ចំពោះ​ជនបរទេស​រូប​នោះ​ផង​ដែរ​”៕

Advertisement