Connect with us

ព័ត៌មានអន្តរជាតិ

រឿងជនភាសខ្លួន៣៩នាក់ ស្លាប់នៅក្នុងទូរកុងទីន័រ ក្បែរទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស វៀតណាមបានចោទប្រកាន់មនុស្ស៧នាក់…

ហាណូយ ប្រទេសវៀតណាម៖ យោងតាមព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះ បានឲ្យដឹងថា ប៉ូលិសវៀតណាមបានធ្វើការចោទប្រកាន់ជាផ្លូវការ ទៅលើមនុស្សសរុបចំនួន៧នាក់ ក្នុងករណីជនអន្តោប្រវេសន៍៣៩នាក់ ត្រូវបានគេរកឃើញស្លាប់នៅក្នុងទូរកុងទីនឺមួយ នៅក្បែរទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស កាលពីឆ្នាំ២០១៩កន្លងមកនេះ ។

យោងតាមរបាយការណ៍ ប៉ូលិសវៀតណាមបានប្រាប់ឲ្យដឹងថា ជនជាប់ចោទទាំង៧នាក់ខាងលើ ក្នុងនោះរួមមានស្ត្រីម្នាក់ផងនោះ កំពុងរស់នៅក្នុងប្រទេសចិន ត្រូវបានចោទប្រកាន់ពីបទរៀបចំឯកសារអន្តោប្រវេសន៍សម្រាប់មនុស្ស៦៧នាក់ ដែលមកពីតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសវៀតណាម ដើម្បីលួចឆ្លងដែនដោយខុសច្បាប់ទៅកាន់ប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប ។

ទោះជាយ៉ាងណា របាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះទាំង៣៩នាក់នោះ រួមមានក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ផងដែរ ហើយភាគច្រើនក្នុងចំណោមអ្នកដែលស្លាប់នោះ គឺជាជនជាតិវៀតណាម ដែលមកពីខេត្តចំនួន២ ស្ថិតនៅក្នុងភាគកណ្តាល និងភាគខាងជើងប្រទេសវៀតណាម ហើយសាកសពអ្នកទាំងនោះត្រូវបានគេរកឃើញនៅក្នុងទូរកុងទីនឺរមួយ នៅក្បែរទីក្រុងឡុងដ៍ កាលពីចុងខែមិថុនា ឆ្នាំ២០១៩ ជាមួយគ្នានេះផងដែរ កាលពីសប្តាហ៍មុន ប៉ូលិសអង់គ្លេសក៏បានឃាត់ខ្លួនមនុស្ស២នាក់បន្ថែមទៀតហើយ ដែលរកឃើញថាបានពាក់ព័ន្ធនិងករណីខាងលើ តែគេនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនទាំង២នាក់នេះនៅឡើយទេ ៕

ប្រភព៖ CNA

Advertisement