Connect with us

ព័ត៌មានអន្តរជាតិ

ប្រជាជនអាមេរិកមានការបារម្ភ ក្រោយពីរកឃើញអ្នកឆ្លង COVID-19 ទី៣ ដែលមិនដឹងឆ្លងតាមរបៀបណា…

Los Angles USA: យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលរបស់សហរដ្ឋអាមេរិក បានរកឃើញការឆ្លងជំងឺ Codvid-19 មួយករណីបន្ថែមទៀតហើយ លើមនុស្សម្នាក់ដែលមិនធ្លាប់បានធ្វើដំណើរចេញក្រៅប្រទេសទាល់តែសោះ ហើយក៏មិនធ្លាប់មានទំនាក់ទំនងជិតស្និតជាមួយអ្នកឆ្លងជំងឺនេះដែរ ដែលនេះជាករណីឆ្លងមិនស្គាល់ប្រភពទី៣ ដែលបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ។

យោងតាមរបាយការណ៍អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកឆ្លងជំងឺ Codvid-19 ដែលមិនស្គាល់ប្រភពខាងលើ ជាមនុស្សមានវ័យជំទង់ម្នាក់ ដែលរស់នៅក្នុងរដ្ឋអូរ៉េហ្គន (Oregon) ភាគខាងលិចសហរដ្ឋអាមេរិក ហើយរូបគេកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេថា តើអ្នកជំងឺខាងលើនេះឆ្លងមេរោគកូដវីដ១៩ ដោយរបៀបណានោះទេ ក្រោយពីមានមនុស្សវ័យចំណាស់២នាក់ផ្សេងទៀត ត្រូវបានគេរកឃើញថា បានឆ្លងជំងឺនេះនៅរដ្ឋមួយក្បែរកាលីហ្វ័រញ៉ា ក្នុងសប្តាហ៍នេះដូចគ្នា ហើយករណីខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចជំងឺ Codvid-19 នេះផ្ទុះឡើងកាន់តែខ្លាំងនៅក្នុងសហរដ្ឋអាមេរិកផងដែរ ។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) មនុស្ស ៦០នាក់ហើយបានឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក ហើយទីភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍ផងដែរថា ដោយសារក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាល COVID-19 សហរដ្ឋអាមេរិក បានសម្រេចចិត្តពន្យារពេលរៀបចំកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំកំពូល នៃបណ្តាប្រទេសអាស៊ានទាំង១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ខាងមុននេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា៕

Advertisement