Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​ម្នាក់ មាន​អាជីព​លួច​រថយន្ត និង​ជួញដូរ​គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យពហុជំនាញម្នាក់មានជំនាញជាអ្នកកាសែតផង ជាចោរលួចឡានផង និងអ្នកជួញដូរគ្រឿងញៀនផង ខណៈកំពុងជិះរថយន្តម៉ាកលុចស៊ីស GS ៣០០មួយគ្រឿង ដែលលួចគេបាន ស្រាប់តែជនរងគ្រោះជាម្ចាស់ ជិះរថយន្តម៉ាកព្រូសប្រទះឃើញ ក៍ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង កាលពីយប់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិណតប្រ៊ីដ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ វ៉ាត់ ចិត្រា ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកយកព័ត៌មានក្នុងស្ថាប័នផ្សព្វមួយ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយធ្វើតេស្ត រកឃើញសារធាតុញៀនក្នុងខ្លួន។

ជនរងគ្រោះជាម្ចាស់រថយន្តសុំមិនបញ្ចេញឈ្មោះ មានមុខរបរបុគ្គលិកក្រុមហ៊ុន ហើយរថយន្តរបស់ជនរងគ្រោះ ពាក់ផ្លាកលេខ ភ្នំពេញ 2AH-2182 ដែលបានបាត់កំឡុងខែសីហា ឆ្នាំ២០១៩។

មុនពេលកើតហេតុ ជនរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីដ ខាងត្បូងស្ពាន ផ្សារដីហុយ ស្រាប់តែក្រឡេកភ្នែកឃើញរថយន្តរបស់ខ្លួនដែលបានបាត់កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ កំពុងចរាចរណ៍តាមដងផ្លូវ ក៏ប្ដឹងឲ្យកម្លាំងនគរបាលឲ្យឃាត់សាកសួរនាំ និងឆែកឆេរឃើញវត្ថុតាងមួយចំនួន រួមមាន៖ ក្រាមថ្លាស ២ខាំ , ម្សៅពណ៌ខៀវចំនួន ៧គ្រាប់ , ជញ្ជីងថ្លឹង ១ , វិក្កយប័ត្រវេលុយវីងចំនួន ៦សន្លឹកមានទឹកប្រាក់ ២,០០០ដុល្លារ និងលុយខ្មែរ ១៤ម៉ឺនរៀល (វេចេញ) និងប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន និងលិខិតបេសកកម្ម។

ពេលឃាត់ខ្លួន ជនសង្ស័យបានបដិសេធថា សារធាតុញៀន២ខាំនោះ មិនមែនជារបស់ខ្លួនទេ គឺជារបស់បក្ខពួកដែលរត់គេចខ្លួន រីឯផ្លាកលេខរថយន្ត គឺទិញគេយកមកបំពាក់៕

ប្រភព៖ KBN News

Advertisement