Connect with us

ព័ត៌មានអន្តរជាតិ

71 ប្រទេសចាត់វិធានការតឹងរឹង លើអ្នកដំណើរមកពីកូរ៉េខាងត្បូង ខណៈការរាតត្បាតមេរោគ COVID-19 កាន់តែមានសន្ទុះខ្លាំងក្លា

អន្តរជាតិ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន យ៉ុនហាប់ កាលពីព្រឹកថ្ងៃសៅរ៍នេះថា ប្រទេសចំនួន៧១ បាននិងកំពុងដាក់កម្រឹតយ៉ាងតឹងរឹងលើអ្នកដំណើរ ដែលធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង ហើយក៏បានដាក់ចេញនូវវិធានការ “ដាក់ឲ្យនៅដាច់ឡោយឡែកពីគេឯង រយៈពេល១៤ថ្ងៃ” ផងដែរសម្រាប់អ្នកដំណើរដែលត្រូវបានគេសង្ស័យថាអាចឆ្លងជំងឺ Codvid-19 ដោយសារតែជំងឺនេះកំពុងតែរីករាលដាលយ៉ាងឆាប់រហ័ស និងមានមនុស្សឆ្លងយ៉ាងច្រើនទូទាំងពិភពលោក ។

ជាមួយគ្នានេះដែរ ប្រទេសម៉ាឡេស៊ី និងលីបង់ជាប្រទេសចុងក្រោយ ដែលបានចាត់វិធានការខាងលើនេះចំពោះប្រទេសកូរ៉េខាងត្បូង ចំណែកឯប្រទេសកៀហ្ស៊ីស្ថាន នឹងចាប់ផ្តើមដាក់បម្រាមទាំងស្រុងលើប្រទេសកូរ៉េខាងត្បូងផងដែរ នៅថ្ងៃអាទិត្យស្អែកនេះ ។

ទោះជាយ៉ាងណាក្នុងចំណោមប្រទេសទាំង៧១ ដែលបានដាក់ការរឹតត្បឹតតឹងរឹងចំពោះកូរ៉េខាងត្បូងនោះ មានប្រទេសចំនួន៣៣ បានដាក់បំរាមធ្ងន់ធ្ងរជាងគេ គឺសម្រេចមិនឲ្យជនជាតិកូរ៉េខាងត្បូង ឬជនបរទេសណាដែលធ្លាប់បានទៅទស្សនាប្រទេសអាស៊ីមួយនេះ កាលពី២សប្តាហ៍មុន ចូលក្នុងប្រទេសរបស់ពួកគេឡើយ ហើយក្នុងនោះប្រទេសខាងលើក៏បានបន្ថែមប្រទេសចិន ជប៉ុន សិង្ហបុរី អ៊ីរ៉ង់ និងអ៊ីតាលី ដែលជាប្រទេសដែលវីរុសនេះកំពុងវាយប្រហារយ៉ាងខ្លាំង ទៅក្នុងបញ្ជីដាច់ដោយឡែករបស់ពួកគេផងដែរ ។

គួរបញ្ជាក់ដែរថា កូរ៉េខាងត្បូងបានចេញសេចក្តីណែនាំ ឲ្យពលរដ្ឋរបស់ខ្លួនពិចារណាឡើងវិញ ឬពន្យារពេលរាល់គម្រោងធ្វើដំណើរទៅកាន់ប្រទេសនានា ដែលបានដាក់កម្រិតការចូលទាំងនោះ ដោយសំអាងលើបញ្ហារអាក់រអួល ឬបញ្ហាសុវត្ថិភាពដែលអាចនឹងកើតឡើងសម្រាប់ពួកគេ ហើយនៅព្រឹកថ្ងៃសៅរ៍នេះ អាជ្ញាធរកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញករណីថ្មី ដែលកើតជំងឺ COVID-19 ចំនួន ៥៩៤ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២,៩៣១នាក់ ដោយក្នុងនោះស្លាប់ ១៦នាក់នៅទូទាំងប្រទេស៕

Advertisement