Connect with us

ព័ត៌មានជាតិ

ដោយសារជាកូនអ្នកធំ ហើយមានដុល្លារ!! ទើបចៅក្រមស៊ើបសួរកែបទចោទពីបទ “ប៉ុនប៉ងមនុស្សឃាត” មកជាបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”

ភ្នំពេញ ៖ សំណុំរឿងជនសង្ស័យឈ្មោះ រិន សុបញ្ញា ជាកូនប្រុសរបស់លោក ស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ប៉ុនប៉ងបាញ់សម្លាប់នារីម្នាក់ នៅក្លិបលុច្សសារី កាលពីចុងខែឧសភា ឆ្នាំ២០១៩ ត្រូវបានលោកសេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបិទការស៊ើបសួរ និងបញ្ជូនទៅជំនុំជម្រះកាលពីខែមករា ឆ្នាំ២០២០ កន្លងនេះ ប៉ុន្តែអ្វីដែលហួសចិត្តបំផុតនោះ គឺចៅក្រមស៊ើបសួរបានសម្រេចចេញដីកាដំណោះស្រាយ បែរកែប្រែបទចោទប្រកាន់លើជនជាប់ចោទឈ្មោះ រិន សុបញ្ញា ពីបទ “ប៉ុនប៉ងឃាតកម្ម” តាមមាត្រា២៧ និង មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលជាបទឧក្រិដ្ឋ មកជាបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” តាមមាត្រា២៨១នៃក្រមព្រហ្មទណ្ឌ ដែលជាបទមជ្ឈិមវិញ ។

ដោយសារចៅក្រមស៊ើបសួរកែប្រែបទចោទប្រកាន់លើជនជាប់ចោទដូចខាងលើនេះហើយ ទើបធ្វើឲ្យជនរងគ្រោះកើតទុក្ខ មិនសុខចិត្ត បានប្តឹងទៅសាលាឧទ្ធរណ៍ ជំទាស់នឹងដីកាដំណោះស្រាយរបស់ លោកសេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

តាមពាក្យបណ្តឹងឧទ្ធរណ៍របស់ជនរងគ្រោះ ដែលទទួលបាននៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបរាប់អំពីអង្គហេតុថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោក សុខ នុន បានទៅលេងកម្សាន្តនៅក្លិបលុច្សសារី ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ ពេលទៅដល់និងអង្គុយលេងមួយសន្ទុះ ស្រាប់តែឃើញប្អូនប្រុសលោក គឺ ឈ្មោះ ពេជ្រ បានដើរចេញពីបន្ទប់ទឹកមកក្នុងសភាពបែកមាត់ឈាមច្រមុះ ហើយប្អូនប្រុសបានប្រាប់លោកថា “មានគេវាយគាត់” ។

បន្ទាប់មកឈ្មោះ សុខ នុន និងឈ្មោះនឹម លីណា ហៅ អារីយ៉ា បានដើរទៅសួរនាំ ។ ឈ្មោះ អារីយ៉ា បានដើរទៅដល់មុខបន្ទប់ទឹក ក៏បានស្រែកសួរថា៖ “មានរឿងអ្វី ម៉េចមិននិយាយជាមួយខ្ញុំសិន? ហេតុអ្វីបានជាវាយមិត្តប្រុសខ្ញុំ?” ។ ពេលនោះឈ្មោះសុខ នុន បានដើរសំដៅទៅរកឈ្មោះរិន សុបញ្ញា សួរថា៖ “ហេតុអ្វី បានជាវាយប្អូនអញ?”។ ភ្លាមនោះ ឈ្មោះ រិន សុបញ្ញា បានតបថា “ឯងចង់ម៉េចៗ?” រួចឈ្មោះ រិន សុបញ្ញា បានដកកាំភ្លើងបាញ់សំដៅមកឈ្មោះ សុខ នុន និងឈ្មោះនឹម លីណា ហៅអារីយ៉ា ចំនួន៣គ្រាប់ បណ្ដាលឲ្យត្រូវចំជើងខាងស្តាំរបស់ឈ្មោះនឹម លីណា ហៅអារីយ៉ា ។

ក្រោយពេលកើតហេតុ ក្រុមសន្តិសុខក្លិបលុច្សសារី បានចាប់ខ្លួនឈ្មោះ រិន សុបញ្ញា បានភ្លាមៗដែរ ប៉ុន្តែក្រោយមក ក្រុមសន្តិសុខទាំងនោះ ក៏បានលែងជនជាប់ចោទទៅវិញ ព្រោះដឹងថាជាកូនអ្នកមានអំណាចម្នាក់ ។ តែក្រោយសារព័ត៌មានជាច្រើនបានចុះផ្សាយហេតុការណ៍នេះ លោក ស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ជាម្តាយជនជាប់ចោទ សម្រេចនាំកូនប្រុសរបស់ខ្លួន មកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

លុះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការ ដោយលោកស្រី ស៊ឺ វណ្ណនី ជាព្រះរាជអាជ្ញារង បានចោទប្រកាន់ជនល្មើសពីបទប៉ុនប៉ងឃាតកម្ម តាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលជាបទល្មើសឧក្រិដ្ឋ ហើយចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួន និងបញ្ជូនទៅពន្ធនាគាររាជធានីភ្នំពេញPJ ។ ប៉ុន្តែជននេះត្រូវបានតុលាការអនុញ្ញាតឲ្យសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោមហេតុផលថាឈឺ រហូតដល់បច្ចុប្បន្ន។

យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បទឃាតកម្ម គឺ ជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬ មិនប្រើអាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។

ជនរងគ្រោះ សំណូមពរដល់តុលាការកំពូល គួរតែចោទប្រកាន់ជនជាប់ចោទពីបទល្មើសប៉ុនប៉ងឃាតកម្ម និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ ហើយជនរងគ្រោះបានស្នើសុំលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយធ្វើអន្តរាគមន៍រកយុត្តិធម៌ផង ដើម្បីជៀសវាងមជ្ឈដ្ឋានទូទៅវាយតម្លៃថា កូនអ្នកមាន កូនអ្នកធំ អ្នកមានអំណាច អាចរួចផុតពីសំណាញ់ច្បាប់ និងលុបបំបាត់វប្បធម៌និទណ្ឌភាពក្នុងសង្គមខ្មែរ៕

ប្រភព៖ KBN News

Advertisement