Connect with us

ព័ត៌មានអន្តរជាតិ

គីមជុង អ៊ុន ព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់មន្រី្តរបស់ខ្លួន ប្រសិនបើCOVID-19 មានវត្តមាននៅកូរ៉េខាងជើង

កូរ៉េខាងជើង៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA ចេញផ្សាយកាលពីថ្ងៃសៅរ៍ទី ២៩ កុម្ភៈ ២០២០ បានអោយដឹងថា លោក គីមជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង ដែលស្ងាត់ស្ងៀមអស់រយៈពេលជាយូរមកហើយនោះ បានចេញមុខព្រមានដល់ មន្ត្រីគណបក្សជាន់ខ្ពស់របស់ខ្លួន ពីការទទួលទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើបណ្តែតបណ្តោយនិងបរាជ័យមិនអាចទប់ស្កាត់ការឆ្លងរាលដាលមេរោគផ្លូវដង្ហើមថ្មីCOVID-19 នៅក្នុងប្រទេសកូរ៉េខាងជើង។

ប្រទេសក្រីក្រកូរ៉េខាងជើង ដែលមានប្រព័ន្ធសុខាភិបាលខ្សោយ បានបិទព្រំដែនរបស់ខ្លួន ចាប់តាំងពីជំងឺនេះផ្ទុះឡើងដំបូងម្លេះ។
នៅក្នុងកិច្ចប្រជុំគណបក្ស លោកគីមជុង អ៊ុន បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ គឺជាកិច្ចការសំខាន់របស់រដ្ឋ ដើម្បីការពារសុខភាពប្រជាជនរបស់យើង ហើយវាទាមទារឲ្យមានការគ្រប់គ្រងបានល្អ។

លោកបានបន្តទៀតថា ក្នុងករណីមានជំងឺឆ្លងCOVID-19 ត្រូវបានរកឃើញមាននៅក្នុងទឹកដីរបស់យើង អ្នកទទួលខុសត្រូវចំពោះបញ្ហានេះ ត្រូវតែទទួលទោសធ្ងន់ធ្ងរ តែលោកមិនបានបង្ហើបឲ្យដឹងថាត្រូវទទួលទោសកម្រិតណានោះទេ។ គ្មានករណីពិសេសណាមួយត្រូវបានអនុញ្ញាតិនោះទេ អាជ្ញាធរត្រូវតែបិទច្រកព្រំដែនឲ្យបានល្អបំផុត។

ក្រោយជំងឺCOVID-19ផ្ទុះឡើង អនុប្រធានគណបក្សពីររូបគឺលោក Ri Man Gon និង Pak Thae Dok ត្រូវបានបណ្តេញចេញពីតំណែង ក្រោមបទសង្ស័យជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយថវិកាសម្រាបប្រយុទ្ធប្រឆាំងនឺងជំងឺCOVID-19។

ប្រទេសកូរ៉េខាងជើងដែលមានបទពិសោធន៍ទប់ស្កាត់ជំងឺឆ្លង បានហាមមិនអោយភ្ញៀវទេសចរចូលប្រទេសរបស់ខ្លួន ផ្អាកជើងហោះហើរ និង រថភ្លើង រួមទាំងវិធានការណ៍ដាក់ជនបរទេស នៅក្នុងជំរំសុវត្ថិភាព និងការបិទសាលារៀនមួយរយៈផងដែរ។

គួររំឭកថា រហូតមកដល់ពេលនេះ ទីក្រុងព្យុងយ៉ាង មិនទាន់មានការឆ្លងរាលដាលជំងឺនេះ មួយករណីនៅឡើយទេ ខណៈប្រទេសចំនួន៥៧ កំពុងឆ្លងមេរោគកើនឡើងដល់ចំនួន ៨៥០៨២នាក់ និងស្លាប់សរុប ២៩១៩នាក់ ខណៈប្រទេសចិន ឆ្លង៧៩២៥១ និងស្លាប់ ២៨៣៥នាក់៕

Advertisement