Connect with us

ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីចិន លោក ជេក ម៉ា បរិច្ចាគឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន៥ម៉ឺនគ្រឿងដល់ហ្វីលីពីន

ប្រទេសហ្វីលីពីន៖ យោងតាមព័ត៌មានក្នុងស្រុករបស់ហ្វីលីពីន បានផ្សព្វផ្សាយ នៅថ្ងៃអង្គារ ទី១៧ ខែមិនា នេះថា មហាសេដ្ឋី ជេក ម៉ា សហស្ថាបនិកក្រុមហ៊ុន Alibaba បានសហការជាមួយនិងកំពូលអ្នកប្រដាល់ពិភពលោក Manny Pacquiao បរិច្ចាគឧបករណ៍ធ្វើតេស្តរកមេរោគឆ្លងកូវីដ១៩ ចំនួន៥ម៉ឺនដើម ដល់ហ្វីលីពីន។

ការបរិច្ចាគដើម្បីជួយដល់វិស័យសុខាភិបាលរបស់ហ្វីលីពីន របស់លោក ជេក ម៉ានេះ បានធ្វើឲ្យប្រជាជនហ្វីលីពីនមានការរំភើប ជាពិសេសសមាជិកព្រឹទ្ធសភាហ្វីលីពីន បានបង្ហោះនូវក្តីសប្បាយជាមួយនិងភាពរំភើប្ត និងថ្លែងអំណរគុណដល់មហាសេដ្ឋីចិន ជេក ម៉ា ដែលមានចិត្តសប្បុរសធម៌ជួយដល់ប្រជាជនហ្វីលីពីនក្នុងគ្រាមានអាសន្ន ។

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល​ហ្វីលីពីន ​រហូតមកទល់​ពេលនេះ ​មានតែ​ឧបករណ៍​ធ្វើតេស្ត​រក COVID-19 តែ​ចំនួន ២០០០ គ្រឿង​ប៉ុណ្ណោះ​។ ដោយឡែក​ឧបករណ៍​តេស្ត​ជាង ២០០០ទៀត​កំពុង​បញ្ជូនទៅ​ប្រទេស​នេះ​ផងដែរ​ នេះបើតាមការឲ្យដឹងពីការផ្សាយព័ត៌មានរបស់សារព័ត៌មានក្នុងស្រុក ។

ជាមួយគ្នានេះ ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងស្ថានភាពអាសន្ន ផ្នែកសុខភាពសាធារណៈដោយសារតែករណីនៃការឆ្លងកូវីដ១៩នេះ បានបន្តកើនឡើងនិងរីករាលដាលគួរឲ្យភ័យខ្លាច ហើយបើគិតត្រឹមថ្ងៃទី១៧ ខែមិនា នេះ ប្រទេសហ្វីលីពីនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន១២នាក់ហើយ ហើយករណីឆ្លងមានចំនួន១៤២ករណី និងជាសះស្បើយ៥ករណីផងដែរ ៕

Advertisement