Connect with us

ព័ត៌មានអន្តរជាតិ

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា មានជនជាតិខ្មែរ ៣នាក់ នៅកូរ៉េខាងត្បូង បានឆ្លង…

សេអ៊ូល ប្រទេសកូរ៉េ៖ យោងតាមការឲ្យដឹងពីឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានប្រាប់ឲ្យដឹង នៅមុននេះបន្តិច នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ថា មានជនជាតិខ្មែរចំនួន៣នាក់ បានឆ្លង COVID-19 នៅប្រទេសកូរ៉េ។

លោកបានបញ្ជាក់ទៀតថា «នៅពេលនេះមាននារីខ្មែររៀបការស្វាមីកូរ៉េ អាយុ២៣ឆ្នាំ និងម្តាយរបស់គាត់ អាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយ បានផ្ទុក COVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ»។ ប្តីរបស់នារីខ្មែររូបនេះត្រូវបានគេពិនិត្យឃើញមាន COVID-19 នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បើយរួចហើយ។

លោកបានបញ្ជាក់បន្ថែមថា នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគាត់ទៅមន្ទីពេទ្យម៉្យុងជី នៅអ៉ីលសាន ដើម្បីពិនិត្យ និងព្យាបាល ហើយបច្ចុប្បន្ន ស្ថានទូតបាននិងកំពុងតែប្រមូលព័ត៌មានច្បាស់ការបន្ថែមទៀត និងធ្វើការសម្របសម្រួលជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៉ីលសានម៉្យុងជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្ថែមពីនោះកំពុងបញ្ជូនមន្ត្រីចុះទៅមន្ទីរពេទ្យដោយផ្ទាល់ ដើម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់នាព្រឹកនេះ»។

យោងតាមទិន្នន័យជាសកល គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ នៅប្រទេសកូរ៉េខាងត្បូងទាំងមូលមានអ្នកឆ្លង COVID-19 ចំនួន ៨៨៩៧នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០៤នាក់ រីឯអ្នកជាសះស្បើយចំនួន ២៩០៩នាក់៕

Advertisement